ទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់វៀតណាម បាននិយាយថា វៀតណាម មានគោលបំណងជំរុញអតិរេកពាណិជ្ជកម្មឲ្យកើតឡើង១៥% បន្ថែមទៀត ពោលគឺឈានដល់ប្រមាណ២៣ពាន់លានដុល្លារនៅឆ្នាំ២០២៦ បន្ទាប់ពីសម្រេចបានអតិរេកប្រមាណ២០ពាន់លានដុល្លារកាលពីឆ្នាំ២០២៥។
លោក ត្រាន់ ថាញ់ ហៃ (Tran Thanh Hai) អនុប្រធានទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់វៀតណាម ជឿជាក់ថា វៀតណណាមនឹងអាចសម្រេចគោលដៅនេះ ខណៈស្ថាប័នពាក់ព័ន្ធកំពុងរៀបចំ និងសិក្សាធ្វើវិសោធនកម្មច្បាប់ និងឯកសារពាក់ព័ន្ធនានា ដើម្បីជំរុញកំណើនពាណិជ្ជកម្មឲ្យបាន៨% ខណៈកាលពីឆ្នាំ២០២៥ វៀតណាមសម្រេចទំហំពាណិជ្ជកម្មប្រមាណ៩៣០ពាន់លានដុល្លារកើនឡើង១៨,២%។
លោកបានបន្តថា បច្ចុប្បន្នវៀតណាម កំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសម៉ិកស៊ិក ដែលជាទីផ្សារថ្មីដ៏មានសក្តានុពល ដើម្បីបើកផ្លូវដល់ការនាំចេញផលិតផលសំខាន់ៗ ជាពិសេសផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់។
ទន្ទឹមនឹងនេះ ស្ថាប័នជំនាញតាមវិស័យ ក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន សមាគម និងអាជីវកម្ម ដើម្បីរៀបចំយន្តការឆ្លើយតបទៅនឹងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។ បន្ថែមលើនេះ វៀតណាម ក៏កំពុងជំរុញការចរចាបើកទីផ្សារថ្មីៗផ្សេងទៀត និងលើកទឹកចិត្តឱ្យប្រទេសចិន ចុះហត្ថលេខាលើពិធីសារនាំចេញផ្លូវការសម្រាប់ផលិតផលកសិកម្មមួយចំនួន ខណៈកន្លងមកវៀតណាម បាននាំចេញរួចទៅហើយ តែមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការ៕
ដោយៈ សរ សុជាតិ