វិស័យកាត់ដេរ

អ្នកជំនាញរំពឹងការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរ នឹងបន្ដកើនឡើងនៅឆ្នាំក្រោយ ទោះត្រូវរងពន្ធគយ ១៩% ពីអាម៉េរិក


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងអ្នកជំនាញនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា បានបង្ហាញពីក្ដីរំពឹងថា ការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរពីកម្ពុជា នៅឆ្នាំក្រោយនឹងបន្ដកើនឡើងថែមទៀត បើទោះបីជាកម្ពុជា ត្រូវរងអត្រាពន្ធគយ ១៩% ពីសហរដ្ឋអាម៉េរិកក្ដី។
វិស័យកាត់ដេរ
ដោយ

ជាក់ស្ដែង អ្នកជំនាញមើលឃើញថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ ការបញ្ជាទិញនៅក្នុងវិស័យកាត់ដេរ នៅតែបន្ដកំណើនខ្ពស់ ហើយទោះបី​ជារងពន្ធ ១៩% ក្ដី ប៉ុន្ដែ​ស្ថានភាពរបស់រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេររបស់កម្ពុជា នៅតែរក្សាបានប្រក្រតីភាពជាធម្មតា ដោយពុំមានការបិទទ្វាររោងចក្រដែលជាសញ្ញាណគួរឱ្យកត់សម្គាល់នោះឡើយ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានគូសបញ្ជាក់ប្រាប់ ខេមបូណូមីស ថា ស្ថានភាពនៃការនាំចេញ និងការបញ្ជាទិញថ្មីរបស់ផលិតផលស្បែកជើង និងផលិតផលក្នុងវិស័យកាត់ដេរផ្សេងទៀតរបស់កម្ពុជា មកទល់នឹងខែវិច្ឆិកានេះ នៅតែបន្តមានកំណើនខ្ពស់ បើទោះបីកម្ពុជា ស្ថិតក្រោមសម្ពាធពន្ធគយចំនួន១៩% ពីអាម៉េរិក និងបញ្ហាប្រឈមមួយចំនួនយ៉ាងណាក្តី។

ប្រធានសមាគមរូបនេះ រំពឹងជឿជាក់ថា ការដាក់បញ្ជាទិញថ្មី នឹងមានកំណើនជាបន្តបន្ទាប់ទៀត ដ្បិតអ្នកវិនិយោគមានទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវស្ថិរភាពនយោបាយ ការគ្រប់គ្រង់ខ្សែច្រវាក់ផលិតកម្មមានភាពល្អប្រសើរ ហើយគុណភាពផលិតផលរបស់កម្ពុជា ក៏ត្រូវបានទទួលស្គាល់តាមស្តង់ដារបស់អ្នកបញ្ជាទិញ។

​តាំងពីខែ សីហាមក សហរដ្ឋអាម៉េរិក បានចាប់ផ្ដើមយកពន្ធគយ ១៩% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្ដែ បើតាម ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា មកទល់ពេលនេះ ស្ថានភាពរបស់រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេររបស់កម្ពុជា នៅតែរក្សាបានប្រក្រតីភាពជាធម្មតា ដោយគ្មានរោងចក្រណាមួយបានបិទទ្វានោះទេ ហើយថែមទាំងទទួលបានគម្រោងវិនិយោគថ្មីបន្ថែមទៀតផងដែរ ដែលជំរុញឱ្យការនាំចេញក្នុងវិស័យកាត់ដេរកម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាន។

​ទោះជាបែបនេះក្ដី លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ កត់សម្គាល់ថា មកទល់ពេលនេះស្ថានភាពនៃការដាក់បញ្ជាទិញថ្មីសម្រាប់ឆ្នាំ២០២៦ ខាងមុខ ហាក់មានទំនោរថយចុះ ខណៈកម្មករកម្មការិនីមួយចំនួន គឺពុំទាន់មានការបន្ថែមម៉ោងច្រើននោះទេ។ ទោះជាបែបនេះក្តី អ្នកជំនាញរូបនេះ នៅតែមានសុទិដ្ឋិនិយមខ្ពស់ថា ការដាក់បញ្ជាទិញថ្មី នឹងមានការកើនឡើងមកវិញ ហើយការនាំចេញនៅតែរក្សាបានកំណើនខ្ពស់ ប្រសិនបើស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ អាចវិលមករភាពភាពល្អប្រសើរ។

តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅ ១០ខែ ឆ្នាំ២០២៥ ការនាំចេញសម្លៀកបំពាក់ សម្រេចទឹកប្រាក់ជាង ៩ពាន់៦រយលានដុល្លារ កើនឡើងជាង២០%, ផលិតផលវាយនភណ្ឌមានជាង ៥៦៤លានដុល្លារ កើន ជាង៣៨%, ផលិតផលស្បែកជើងមានជាង ១ពាន់៧រយលានដុល្លារ កើនប្រមាណ ៣០% និងការនាំចេញផលិតផលធ្វើដំណើរ និងកាបូបសម្រេចបានទឹកប្រាក់ជាង១ពាន់៧រយលានដុល្លារ កើនឡើងជិត៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


ហាង Café Amazon របស់ថៃ ប្រកាសបិទទ្វារហាងរបស់ខ្លួនទាំងអស់នៅវៀតណាម

ហាងកាហ្វេថៃ Café Amazon ដែលកំពុងរងគ្រោះនឹងចលនាជាតិនិយមនៅកម្ពុជា ព្រោះបញ្ហាជម្លោះព្រំដែននោះ បានប្រកាសបិទហាងចោលទាំងអស់នៅទីផ្សារនៅវៀតណាម…

តើរដ្ឋ និងវិស័យ SME ត្រូវបន្ដពង្រឹងអ្វីបន្ថែមទៀត ប្រសិនការបិទព្រំដែននៅអូសបន្លាយពេលយូរ?

រយៈពេលជិតកន្លះឆ្នាំហើយ ដែលភាគីថៃ បានបង្កអរិភាព និងបិទច្រកទ្វារព្រំដែនដោយឯកតោភាគីជាមួយកម្ពុជា ជាហេតុជំរុញឱ្យពលរដ្ឋកម្ពុជា ភ្លូកទឹកភ្លូកដី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ