លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានវាយតម្លៃថា ប្រសិនបើសង្គ្រាមដ៏ក្តៅគគុកនៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នៅតែបន្តឡើងកម្តៅ និងអូសបន្លាយពេលយូរ នោះប្រាកដណាស់ វានឹងជំរុញច្រានឱ្យតម្លៃទីផ្សារប្រេងរបស់ពិភពលោកបន្តហក់ឡើងខ្ពស់ថែមទៀត ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកល។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា តាមរយៈបញ្ហានេះ ចង់ ឬមិនចង់ វានឹងជះផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មសកល រួមទាំងកម្ពុជា ដែលជាប្រទេសពឹងផ្អែកទាំងស្រុងលើការនាំចូលថាមពល និងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា បញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានេះ ប្រាកដណាស់វានឹងប៉ះពាល់ដល់ការដឹកនាំជញ្ជូន និងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា ដ្បិតថា ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាភាគច្រើនត្រូវបានធ្វើឡើងតាមរយៈផ្លូវទឹក។ អ្នកជំនាញរូបនេះបានព្រមានថា តម្លៃដឹកជញ្ជូនអាចនឹងកើនឡើងយ៉ាងហោចណាស់ប្រមាណ ១៥% ប្រសិនបើជម្លោះនេះអាចបញ្ចប់ទៅវិញលឿន ហើយវាអាចហក់ឡើងដល់ ៥០%ទៅ១០០% ប្រសិនបន្តអូសបន្លាយពេលយូរ និងរីករាលដាលកាន់តែធំ។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានគូសបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងប្រទេសសម្ពន្ធមិត្តរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់នាពេលនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវាក់ដឹកជញ្ជូនសកល ក្រោយកកស្ទះការផ្គត់ផ្គង់ថាមពលពិភពលោក និងតម្លៃប្រេងហក់ឡើងខ្ពស់។ លោកបណ្ឌិតបានអះអាងថា ការរអាក់រអួល នៃចរន្តថាមពល និងតម្លៃប្រេងដែលហក់ឡើងខ្ពស់កប់ពពក នឹងរុញច្រានពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចសកល។ សម្រាប់កម្ពុជា ផលប៉ះពាល់នឹងស្តែងចេញតាមរយៈការឡើងថ្លៃទំនិញប្រើប្រាស់ និងការយឺតយ៉ាវ នៃខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។
គួរបញ្ជាក់ថា ច្រកសមុទ្រហ័រម៉ូស គឺជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ដោយប្រេងឆៅប្រមាណ២០%របស់ពិភពលោកត្រូវបានដឹកជញ្ជូនតាមយុទ្ធសាស្ត្រនេះ។ ការបិទច្រកនេះភ្លាមៗបានធ្វើឱ្យតម្លៃប្រេងស្ទុះឡើងជាង១០% រួចទៅហើយ ហើយអ្នកជំនាញព្យាករថា វានឹងអាចឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែលក្នុងពេលឆាប់ៗនេះ បើសភាពការណ៍នៅតែតានតឹង។ នេះគឺជាសញ្ញាអាសន្ន ដែលកម្ពុជា ត្រូវតែតាមដានដោយយកចិត្តទុកដាក់បំផុត៕