ទោះរឿងរ៉ាវកម្ចាត់លោក ចាង យូជា អនុប្រធានគណៈកម្មការយោធាកណ្តាលនៃបក្សកុម្មុយនីស្តចិន និងអ្នកពាក់ព័ន្ធត្រូវបានលាតត្រដាង តែប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅតែក្តាប់អំណាចយ៉ាងរឹងមាំ ហើយបានចេញមុខជាសាសាធារណៈ ដោយជួបជាមួយមេដឹកនាំបរទេសជាបន្តបន្ទាប់ដូចគ្មានរឿងអ្វីធំដុំកើតឡើង។ ប៉ុន្តែតាមរយៈលិខិតសម្ងាត់របស់លោក ចាង យូជា ដែលបានបែកធ្លាយនៅលើបណ្តាញសង្គមបានបង្ហាញពីការបែកបាក់នៅក្នុងជួរមេដឹកនាំយោធាចិន និងកំពុងបង្កព្យុះសង្ឃរានយោបាយនៅក្នុងផ្ទៃក្នុងបក្សកុម្មុយនីស្ត និងកងទ័ពរំដោះប្រជាជនចិន។
ទោះបីប្រភពព័ត៌មានមិនទាន់អាចបញ្ជាក់ពីភាពត្រឹមត្រូវ១០០% នៃលិខិតនេះក៏ដោយ ប៉ុន្តែខ្លឹមសារក្នុងលិខិតនោះបានឆ្លុះបញ្ចាំងពីការខ្វែងគំនិតគ្នាយ៉ាងជ្រៅលើបញ្ហាសំខាន់ៗលើការគ្រប់គ្រងយោធារបស់ចិន គោលនយោបាយចំពោះកោះតៃវ៉ាន់ និងអំណាចបុគ្គលក្នុងបក្ស។
ក្រុមអ្នកវិភាគមួយចំនួនជឿថា លិខិតសម្ងាត់នេះទំនងជាលិខិតរៀបចំទុកជាមុនរបស់លោក ចាង ហើយត្រូវបានអ្នកស្និទនឹងលោកលួចផ្សព្វផ្សាយ ក្រោយលោកត្រូវបានឃាត់ខ្លួន ហើយច្បាប់ចម្លងរបស់លិខិតនោះ ក៏ត្រូវបានបញ្ជូនទៅការិយាល័យលោក ស៊ី ជីនពីង និងគណៈកម្មការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យ ដែលជាស្ថាប័នប្រឆាំងអំពើពុករលួយកំពូលរបស់ចិន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។
នៅក្នុងលិខិតនោះ លោក ចាង បានសង្កត់ធ្ងន់ថា ប្រសិនបើលោកត្រូវបានចាប់ខ្លួន វាមិនមែនដោយសារការល្មើសវិន័យ ឬពាក់ព័ន្ធនឹងអំពើពុករលួយឡើយ គឺដោយសារតែលោក និងលោក ស៊ី មានការខ្វែងគំនិតគ្នាលើមូលដ្ឋានដឹកនាំយោធាចិន ពាក់ព័ន្ធនឹងបញ្ហានៅកោះតៃវ៉ាន់ កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តជាមួយរុស្ស៊ី និងការតម្លើងឋានៈឆាប់រហ័សពេកនូវមន្រ្តីមួយចំនួន។ ប៉ុន្តែគឺដោយសារតែលោកហ៊ានជំទាស់នឹងការដឹកនាំរបស់លោក ស៊ី។ លោកបានបញ្ជាក់ទៀតថា លោកមានសមត្ថភាពអាចធ្វើរដ្ឋប្រហារយោធាបាន ប៉ុន្តែលោកមិនជ្រើសរើសផ្លូវនេះឡើយ ព្រោះបារម្ភពីសន្តិសុខជាតិ។ អ្វីដែលលោកចង់បាន គឺការទប់ស្កាត់ចិន កុំឱ្យក្លាយជាប្រទេសដែលមានប្រព័ន្ធដឹកនាំដូចកូរ៉េខាងជើង។
អ្វីដែលគួរឱ្យកត់សម្គាល់ លោក ចាង បានរិះគន់ថា អំណាចរបស់លោក ស៊ី បច្ចុប្បន្នមានទំហំធំធេងហួសប្រមាណ សូម្បីតែសម័យលោក ម៉ៅ សេទុង ក៏មិនដល់កម្រិតនេះដែរ។ លោកបានបន្ថែមថា តួនាទីរបស់យោធា គឺដើម្បីការពារប្រជាជនមិនមែនជាយោធាភាវូបនីយកម្មអចិន្ត្រៃយ៍ ឬច្បាប់អាជ្ញាសឹក ដែលអាក្រក់ជាងបដិវត្តន៍វប្បធម៌នោះឡើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺនៅក្នុងលិខិតដ៏ចម្រូងចម្រាសនេះ លោក ចាង បានអំពាវនាវឲ្យលោក ស៊ី ចុះចេញពីអំណាចនៅក្នុងសមាជបក្សកុម្មុយនីស្តចិន លើកទី២១ នៅឆ្នាំ២០២៧ ដើម្បីធ្វើឱ្យចិនក្លាយជារដ្ឋ ដែលដឹកនាំដោយគោរពច្បាប់ និងសណ្តាប់ធ្នាប់ពិភពលោក៕
ដោយៈ សរ សុជាតិ