បាតុកម្មបានធ្វើឡើងនៅទីក្រុងសំខាន់ៗ និងគ្រប់ច្រកល្ហកទាំងអស់ ជាពិសេសនៅទីក្រុង Yangon និង Mandalay ដែលជាទីក្រុងធំៗរបស់ភូមា។ ម្ចាស់ហាងអាជីវកម្មជាច្រើន ដូចជាហាងលក់ទំនិញនិងភោជនីយដ្ឋាននានា បានសម្រេចបិទទ្វារដោយសារព្រួយបារម្ភពីសុវត្ថិភាព។
មិនត្រឹមតែអាជីវកម្មក្នុងស្រុកនោះទេ សូម្បីតែហាងទំនិញ និងហាងអាហារមកពីបរទេសធំៗក៏បានប្រកាសផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនដែរ ក្នុងនោះមានដូចជា ហាង KFC ក្រុមហ៊ុនដឹកជញ្ជូនម្ហូប Food Panda និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ Grab ជាដើម។
ធនាគារឯកជនជាច្រើននៅទូទាំងប្រទេសត្រូវបានគេសង្កេតឃើញ បិទទ្វារខណៈធនាគារផ្សេងទៀតបានកាត់បន្ថយប្រតិបត្តិការរបស់ខ្លួន។ មូលហេតុ គឺដោយសារតែមានបុគ្គលិកធនាគារជាច្រើន បានធ្វើពហិការមិនទៅធ្វើការ ដោយពួកគេសុខចិត្តចូលរួមជាមួយក្រុមពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងរបបសឹកភូមា។
ស្ត្រីបុគ្គលិកធនាគារម្នាក់ប្រាប់ភ្នាក់ងារ Reuters ថា៖«ខ្ញុំមិនចង់រស់នៅក្រោមការដឹកនាំដោយពួកយោធាទេ ហេតុនេះហើយទើបខ្ញុំសុខចិត្តមិនទៅធ្វើការហើយមកចូលរួមបាតុកម្ម»។
សូមបញ្ជាក់ថា ប្រការទាំងនេះ បាននិងកំពុងចោទជាបញ្ហាដល់ពលរដ្ឋភូមា ដោយពួកគេត្រូវរងចាំក្នុងការតម្រង់ជួរយ៉ាងវែង ដើម្បីដកប្រាក់ពីម៉ាស៊ីន ATM ខណៈពេលដែលការដកសាច់ប្រាក់ត្រូវបានកាត់បន្ថយ ឬមិនមានសាច់ប្រាក់សម្រាប់ដកតែម្តង ហើយអាជីវកម្មនានាកំពុងប្រឈមនឹងបញ្ហាកង្វះលំហូរសាច់ប្រាក់៕