
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) យល់ឃើញថា ការបិទ ឬបើកលើទំនិញរបស់ថៃ ចូលមកទីផ្សារកម្ពុជា គឺអាស្រ័យលើរដ្ឋាភិបាលកម្ពុជា ខណៈការបង្វែរទិសនាំចូលក៏ពុំអាចគេចវេះបានដែរ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ អះអាងថា ទោះបីមិនមានផលិតផលប្រើប្រាស់ពីប្រទេសថៃ ក៏ដោយ ក៏កម្ពុជា អាចរស់បានដែរ ខណៈបច្ចុប្បន្នកម្ពុជា មានសមត្ថភាពផលិតផលិតផលជាច្រើន និងបានផ្គត់ផ្គង់លើទីផ្សាររហូតមានការនាំចេញទៅទីផ្សារអន្តរជាតិ ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា រាល់មុខទំនិញរបស់ថៃ ដូចជាបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈដែលរដ្ឋាភិបាលកម្ពុជា បានហាមឃាត់កន្លងមក គឺពុំអាចនាំចូលមកទីផ្សាររបស់កម្ពុជា បាននោះទេ លុះណាតែមានបញ្ជាជាថ្មីរបស់រដ្ឋាភិបាល។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការបង្វែរទិសការដឹកជញ្ជូនសម្រាប់ទំនិញដែលមិនមានការហាមឃាត់ឆ្លងកាត់ប្រទេសទី៣ ដែលមានប្រភពដើម និងឯកសារត្រឹមត្រូវ គឺនៅមានចរន្តពាណិជ្ជកម្មដូចធម្មតា។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ភាពតានតឹងនៃកាធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ដែលបានបង្កឡើងដោយក្រុមយោធាថៃ ហើយព្យាយាមទម្លាក់កំហុសមកលើកម្ពុជា គឺដើម្បីបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ ដែលផ្ទុយពីការពិតជាក់ស្ដែង។ អ្នកជំនាញរូបនេះជឿជាក់ថា ការបិទច្រកដោយឯកតោភាគីពីសំណាក់យោធាថៃនេះ វានឹងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ថៃ ខ្លួនឯងទៅវិញទេ។ បើតាមលោក សេក សុជាតិ ការបង្វែរទិសដឹកទំនិញចូលមកកម្ពុជាតាមប្រទេសទី៣ នឹងធ្វើឱ្យថៃ ត្រូវចំណាយថវិកាលើការដឹកជញ្ជូនកាន់តែច្រើនជាហេតុធ្វើឱ្យតម្លៃទំនិញ ក៏មានការកើនឡើងផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកសកម្មភាពបង្កហេតុជាបន្តបន្ទាប់មកនេះ គឺផ្ដើមចេញមុនពីភាគីថៃ ខណៈកម្ពុជា នៅតាមពីក្រោយប៉ុណ្ណោះ។ នៅក្នុងស្ថានភាពនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ជំរុញដល់ពាណិជ្ជករខ្មែរឱ្យពិចារណាធ្វើយ៉ាងណាត្រូវដើរឱ្យស្របជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញពីការរួបរួមសាមគ្គី ខណៈការធ្វើសកម្មភាពផ្ទុយពីគោលនយោបាយ អាចបង្កផលប៉ះពាល់ដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធវិស័យពាណិជ្ជកម្មកម្ពុជា-ថៃ នេះដែរ លោក វូរ៉ាថាត តានទីមង្គលស៊ុក (Voratat Tantimongkolsuk) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា ត្រូវបានសារព័ត៌មានថៃ ស្រង់សម្តីចុះផ្សាយថា ការបិទច្រកព្រំដែនជាមួយកម្ពុជា កំពុងធ្វើឱ្យពាណិជ្ជករខ្លះងាកទៅរកផ្លូវដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ហើយដឹកចូលមកកម្ពុជា ហើយខ្លះទៀតបានបង្វែរដឹកតាមកំពង់ផែឡាមថាបាង ឆ្ពោះមកខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ជាមួយប្រទេសថៃ សម្រេចបានទឹកប្រាក់ជាង១ពាន់៨រយលានដុល្លារ កើនឡើងជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានជាង៣៩៥លានដុល្លារ ខណៈនាំចូលពីថៃ មកវិញមានជាង១ពាន់៤រយលានដុល្លារ។ យ៉ាងណាមិញ នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានជាង៤ពាន់២រយលានដុល្លារ កើនឡើងជាង១៤% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំជាង៨៤៤លានដុល្លារអាម៉េរិក ខណៈកម្ពុជា នាំចូលពីថៃមកវិញ មានទំហំជាង៣ពាន់៤រយលានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា