លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានលើកឡើងថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មាន និងសិទ្ធិបញ្ចេញមតិ ព្រមទាំងសិទ្ធិក្នុងការប្រកបមុខរបរ ខណៈការធ្វើសកម្មភាពនៅក្នុងសង្គម គឺទាមទារឱ្យមានការតម្រែតម្រង់ពីអ្នកជំនាញ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះ យល់ថា កម្ពុជា មិនគួរមានការកំណត់ ឬរឹតត្បិតលើអ្នកផលិតមាតិកាខ្លាំងពេកនោះទេ ហើយក៏ពុំគួរមានច្បាប់គ្រប់គ្រងលើអ្នកផលិតមាតិកាដូចប្រទេសចិន នោះដែរ តែថ្នាក់ដឹកនាំកម្ពុជា គួរមានការគិតគូរតាមរយៈការបង្ហាញនូវគំរូល្អឱ្យបានច្រើន ដើម្បីឱ្យអ្នកផលិតមាតិកានានា យកគំរូតាម ដើម្បីផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ។
ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម កត់សម្គាល់ឃើញថា ការប្រើប្រាស់បណ្ដាញសង្គមរបស់អ្នកផលិតមាតិកាមួយចំនួនបានជះឥទ្ធិពលដល់ការសម្រេចចិត្ត និងការរស់នៅរបស់ពលរដ្ឋ។ ជាក់ស្ដែងការតម្រូវឱ្យអ្នកបង្កើតមាតិកាត្រូវមានការបណ្ដុះបណ្ដាល និងមានច្បាប់អនុញ្ញាតនៅក្នុងប្រទេសចិន ក៏ជាមេរៀនដែលកម្ពុជា គួរតែពិចារណាផងដែរ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីឈានទៅពិចារណាលើបញ្ហានេះ គួរចាប់ផ្ដើមចេញពីក្រសួងព័ត៌មានជាមុនសិន ដោយសារលោកសង្កេតឃើញថា អ្នកប្រកបមុខរបរនៅក្នុងវិស័យសារព័ត៌មានមួយចំនួន ក៏នៅពុំទាន់មានគុណវុឌ្ឍិ និងសីលធម៌ វិជ្ជាជីវៈគ្រប់គ្រាន់នៅឡើយទេ។
ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន បានបន្តតាមដាន ដោយយកចិត្តទុកដាក់លើរាល់ការប្រើប្រាស់ ការផ្សាយ និងការចែករំលែកព័ត៌មានលើបណ្តាញសង្គមគ្រប់ប្រភេទ ក្នុងគោលបំណងបន្តធានាសិទ្ធិទទួលព័ត៌មានដោយសុវត្ថិភាព មានគុណភាព ផ្តល់ចំណេះដឹង និងសារប្រយោជន៍សម្រាប់ការសម្រេចចិត្ត និងការរស់នៅប្រចាំថ្ងៃ ដោយសុខដុមរបស់ពលរដ្ឋក្នុងសង្គម។
បើតាមអ្នកនាំពាក្យក្រសួងព័ត៌មានគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានដាក់ចេញសេចក្តីណែនាំមួយចំនួនពាក់ព័ន្ធនឹងការផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដើម្បីធានាសន្តិសុខព័ត៌មាន ហើយបានរៀបចំកិច្ចប្រជុំតម្រង់ទិសជូនដល់អ្នកបង្កើតមាតិកាលើបណ្តាញសង្គមចំនួន៣លើក ដោយផ្តោតលើការលើកកម្ពស់ការបង្កើត និងផ្សាយមាតិកាមានគុណភាព ដោយក្រមសីលធម៌ និងជំរុញការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ អនុលោមតាមសីលធម៌សង្គម និងនិយាមប្រតិបត្តិនៃការប្រាស្រ័យទាក់ទងលើបណ្តាញសង្គម៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ