សង្ក្រាន្ត

តើកម្ពុជា គួរប្រារព្ធសង្ក្រាន្តឆ្នាំថ្មី២០២៦ ដែរឬទេ ស្របពេលជម្លោះព្រំដែនបន្តស្ថិតក្នុងភាពផុយស្រួយ?


ស្របពេលដែលស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ កំពុងស្ថិតក្នុងភាពផុយស្រួយ និងតានតឹងបានធ្វើឱ្យមានការផ្ទុះការវែកញែកយ៉ាងក្ដៅគគុកលើបណ្ដាញសង្គមជុំវិញការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីក្នុង ២០២៦។ មតិមួយចំនួនបានលើកឡើងថា កម្ពុជា គួរផ្អាកភាពសប្បាយរីករាយដើម្បីសន្សំថវិកាជួយកងទ័ព និងពលរដ្ឋភៀសសឹក ខណៈមតិមួយទៀតយល់ថា បើគ្មានសង្ក្រាន្ត វិស័យទេសចរណ៍នឹងកាន់តែដុនដាប។ ជុំវិញបញ្ហានេះ អ្នកជំនាញបានផ្តល់ទស្សនថា ការរក្សាប្រពៃណី គឺជារឿងចាំបាច់ ប៉ុន្តែត្រូវធ្វើឡើងក្នុងទម្រង់សន្សំសំចៃ និងមិនបំភ្លេចអ្នកជួរមុខ។
សង្ក្រាន្ត
ដោយ

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានលើកឡើងថា បញ្ហាសង្គ្រាមនៅតែត្រូវបានយកចិត្តដាក់ ហើយការរៀបចំកម្មវិធីសង្ក្រាន្តនៅតែជាវប្បធម៌ប្រពៃណីជាតិ ដូច្នេះកម្មវិធីសង្ក្រាន្តគួរតែបន្តធ្វើជាធម្មតា ប៉ុន្តែគួរកាត់បន្ថយកុំឱ្យគគ្រឹកគគ្រេងខ្លាំងពេកព្រោះដើម្បីសន្សំសំចៃថវិការជាតិ ក្នុងគ្រាដែលប្រទេសកំពុងមានជម្លោះព្រំដែនជាមួយថៃ។ លោកបានបញ្ជាក់ថា ភ្ញៀវទេសចរដែលមកកម្ពុជា ពួកគេចង់ឃើញស្នាមញញឹម និងជីវភាពពិតរបស់ពលរដ្ឋខ្មែរ ចង់បានសុវត្ថិភាពផ្លូវចិត្ត និងសេវាកម្មល្អ។ សង្ក្រាន្តគ្រាន់តែជាផលិតផលបន្ថែម ដូចនេះការរៀបចំតាមមូលដ្ឋាន គឺគ្រប់គ្រាន់សម្រាប់ទាក់ទាញទេសចរហើយ។

​ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម យល់ឃើញថា កម្ពុជា គួរតែមានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីដូចសព្វមួយដង ដោយមិនគួរផ្អាកនោះទេ ដើម្បីធ្វើឱ្យមានប្រក្រតីភាពសង្គម ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងដំណើរការលំហូរសាច់ប្រាក់តាមរយៈការចាយវាយរបស់ពលរដ្ឋខ្មែរ តែយ៉ាងណាការចំណាយទៀតសោតគួរចាយក្នុងលក្ខណៈសន្សំសំចៃក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងមានវិវាទព្រំដែន និងការគិតគូរដល់កងកម្លាំងជួរមុខ និងពលរដ្ឋភៀសសឹក តាមរយៈផ្ដល់ជូនជាអំណោយជាដើម។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជា កំពុងមានជម្លោះព្រំដែនក៏ពិតមែន ប៉ុន្តែក៏មិនត្រូវឱ្យវប្បធម៌ស្លាប់នោះដែរ លើសពីនេះភាគីពាក់ព័ន្ធគួរតែមានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមតំបន់ពលរដ្ឋភៀសសឹក ដើម្បីព្យាបាលសុខភាពផ្លូវចិត្តរបស់ពលរដ្ឋបានមួយផ្នែកផងដែរ។

​គួរបញ្ជាក់ថា គិតត្រឹមពេលនេះ រាជធានីភ្នំពេញ និងខេត្តមួយចំនួនដូចជា ព្រៃវែង កំពង់ចាម និងកំពង់ធំ នៅតែបន្តផែនការរៀបចំសង្ក្រាន្តឆ្នាំថ្មី២០២៦ របស់ខ្លួនដដែល ដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរនាខែមេសា ខាងមុខ។ ទន្ទឹមនឹងការត្រៀមរៀបចំពិធីនេះ រដ្ឋាភិបាល ក៏កំពុងពន្លឿនការសាងសង់ជម្រកបណ្តោះអាសន្ននៅតំបន់សុវត្ថិភាព សម្រាប់ពលរដ្ឋភៀសសឹកពីតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីធានាថា ពលរដ្ឋគ្រប់រូបមានកន្លែងស្នាក់នៅសមរម្យរហូតដល់ស្ថានភាពនៅតាមបណ្តោយព្រំដែនវិលមករកភាពប្រក្រតី និងអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញព្យាករថា តម្លៃមាសអាចនឹងហក់ឡើងដល់៧,០០០ដុល្លារក្នុង១តម្លឹងនៅឆ្នាំនេះ

តម្លៃមាសនៅកម្ពុជា និងលើទីផ្សារអន្តរជាតិ បានបង្ហាញនិន្នាការកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ដោយបានហក់ដល់ជិត៦,៣០០ដុល្លារក្នុង១តម្លឹង…

តើកម្ពុជា ត្រូវបង់ពន្ធ១៩% តាមកិច្ចព្រមព្រៀងជាមួយអាម៉េរិក ឬត្រូវបង់១៥% តាមគោលនយោបាយថ្មីរបស់លោក ត្រាំ?

ក្រោយតុលាការកំពូលសហរដ្ឋអាម៉េរិក បានសម្រេចលុបចោលពន្ធគយបដិការសកល កាលពីថ្ងៃទី២០ ខែកុម្ភៈ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឆ្លើយត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ