លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គម បានគូសបញ្ជាក់ថា កម្ពុជា នៅមានភាពស្រពេចស្រពិលលើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារនៅឡើយទេ ព្រោះបច្ចុប្បន្នកម្ពុជា នៅតែពឹងផ្អែកលើការនាំចូលពីប្រទេសជិតខាង ជាពិសេសវៀតណាម ដោយសារកម្ពុជា នៅខ្វះខាតរោងចក្រកែច្នៃ និងវេចខ្ចប់ខ្នាតធំ។ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងចលាចល លោកបណ្ឌិត យល់ឃើញថា រដ្ឋាភិបាលគួរតែបញ្ចេញកញ្ចប់ថវិកាពិសេស ដើម្បីប្រមូលទិញស្បៀងពីកសិករយកមកស្ដុកទុក ព្រោះវិធានការនេះមិនត្រឹមតែជួយឱ្យកសិករមានដើមទុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាខ្នងបង្អែកស្បៀង សម្រាប់ពលរដ្ឋក្នុងគ្រាអាសន្នផងដែរ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវសង្កេតឃើញថា បច្ចុប្បន្នការផលិតរបស់កសិករក្នុងស្រុកហាក់លើសតម្រូវការ និងបាននាំចេញទៅលក់នៅប្រទេសក្បែរខាងយ៉ាងច្រើនរហូតធ្វើឱ្យប្រទេសទាំងនោះចាល់ឈប់នាំចូល។ ស្របពេលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងឡើងកម្តៅខ្លាំង និងធ្វើឱ្យរាំងស្ទះដល់ការដោះដូរពាណិជ្ជកម្ម អ្នកជំនាញរូបនេះយល់ថា កម្ពុជាមិនត្រូវផ្ដេកផ្ដួលលើទីផ្សារក្រៅប្រទេសខ្លាំងពេកនោះទេ រដ្ឋាភិបាលគួរតែដើរតួជាអ្នកទិញធំ ដើម្បីរក្សាស្ថិរភាពថ្លៃ និងធានាថា កម្ពុជានឹងមិនដាច់ស្បៀង ទោះបីជាសង្គ្រាមអូសបន្លាយប៉ុណ្ណាក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា សុវត្ថិភាពស្បៀង គឺជាអាយុជីវិតជាតិ។
បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២៥ កន្លងទៅ កម្ពុជា បាននាំចេញផលិតផលកសិកម្មសរុបជាង៦,៤ពាន់លានដុល្លារកើនឡើងជាង៧% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះការនាំចេញអង្ករបានកើនឡើងពីជាង៥៥២លានដុល្លារនៅឆ្នាំ២០២៤ ដល់ជាង៧៤៩លានដុល្លារនៅឆ្នាំ២០២៥ កើនឡើងជាង១៩៧លានដុល្លារ ឬប្រហែល៣៥,៧% ដោយសហភាពអឺរ៉ុបនៅតែជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា ហើយចិន ក៏ជាទីផ្សារស្រូបទាញអង្ករកម្ពុជាដ៏ធំមួយផងដែរ៕
អត្ថបទ ៖ ជា ម៉ារ៉ា