នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយលើកដំបូងចាប់តាំងពីឡើងកាន់តំណែង មេបញ្ជាការកងទ័ពអាកាសសិង្ហបុរី លោក ខែលវិន ហ្វាន (Kelvin Fan) បានសង្កត់ធ្ងន់លើសារសំខាន់នៃការត្រៀមខ្លួននៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធការពារជាតិ។ ឧត្តមសេនីយឯករូបនេះបានឡើងថា មេរៀនជម្លោះអន្តរជាតិ ធំៗដូចជា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល-អ៊ីរ៉ង់ និងឥណ្ឌា-ប៉ាគីស្ថាន សុទ្ធតែជាសញ្ញាដាស់តឿនឱ្យសិង្ហបុរី ត្រូវតែកសាងកងទ័ពអាកាសមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ចាត់រាល់ការគំរាមកំហែងសន្តិសុខពីប្រទេសបច្ចាមិត្ត។
បើតាមការអះអាងរបស់មេបញ្ជាការរូបនេះ បច្ចុប្បន្នកងទ័ពអាកាសរបស់សិង្ហបុរី កំពុងធ្វើទំនើបកម្មយន្តហោះដឹកជញ្ជូន ប្រព័ន្ធការពារដែនអាកាស ដែលមានមូលដ្ឋានលើដី និងប្រព័ន្ធបញ្ជាការត្រួតពិនិត្យ ទំនាក់ទំនង និងកុំព្យូទ័របច្ចេកវិទ្យាយោធាកម្រិតខ្ពស់។
លោកបានអះអាងថា យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុត F-35 និងយន្តហោះល្បាតសមុទ្រ P-8A នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីសិង្ហបុរី បានបញ្ជាទិញចំនួន២០គ្រឿង ដោយយន្តហោះទាំងនេះនឹងបង្កើនឥទ្ធិពលបន្ថែមលើកំពូលយន្តហោះចម្បាំងដែលមានស្រាប់ដូចជា F-15SG និងយន្តហោះ F-16 ដើម្បីធានាថា សិង្ហបុរី នៅតែជាកំផែងដែក និងជាកំពឹងពុល ដែលមិនអាចរំលោភបំពានបាននៅក្នុងតំបន់៕
ដោយៈ សរ សុជាតិ