ក្រុមហ៊ុនចំនួន៨ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ និងហាមឃាត់មិនឱ្យធ្វើអាជីវកម្ម ដោយសារតែពួកគេមានទំនាក់ទំនងជាមួយជនរត់គេចខ្លួនពីរនាក់ ដែលត្រូវបានចោទប្រកាន់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងករណីលាងលុយកខ្វក់ចំនួន២,៣ពាន់លានដុល្លារ។ អាជ្ញាធរសិង្ហបុរី ក្រោមកិច្ចសហការជាមួយអាជ្ញាធរគណនេយ្យ និងបទប្បញ្ញត្តិសាជីវកម្មបានបញ្ជាក់ថា ក្រុមហ៊ុនទំាំងនេះត្រូវបានគេរកឃើញថា មានទំនាក់ទំនងជាមួយជនសង្ស័យឈ្មោះ ស៊ូ ប៊ីងហៃ (Su Binghai) និង ស៊ូ ហៃកា ( Xu Haika) ដែលកំពុងរត់គេចខ្លួន។
អាជ្ញាធរសិង្ហបុរី បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះ ស្ថិតក្នុងចំណោមជនសង្ស័យ១៧នាក់ ដែលបានគេចវេសពីការចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលីសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យមានការចាប់ខ្លួនជនបរទេសចំនួន១០នាក់ក្នុងករណីលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី។ បុគ្គលទាំងនេះ ត្រូវបានចោទប្រកាន់ថា បានលាងលុយកខ្វក់ ដែលគេសង្ស័យថា ជាប្រាក់ចំណូលបានមកពីសកម្មភាពឧក្រិដ្ឋកម្ម ដែលរៀបចំនៅក្រៅប្រទេស រួមទាំងការបោកប្រាស់ និងល្បែងស៊ីសងតាមអនឡាញ។
បើតាមការស្រាវជ្រាវរបស់អាជ្ញាធរសិង្ហបុរី ជនសង្ស័យជនជាតិចិន ស៊ូ ហៃកា ត្រូវបានចុះបញ្ជីជានាយកក្រុមហ៊ុន Rong Hai Development តាំងពីខែធ្នូ ឆ្នាំ២០២០។ ដោយឡែក លោក ស៊ូ ប៊ីងហៃ ដែលកាន់លិខិតឆ្លងដែនដែលចេញដោយរដ្ឋមួយនៅឈូងសមុទ្រការ៉ាប៊ីន ត្រូវបានចុះបញ្ជីជានាយកក្រុមហ៊ុនចំនួន៦ រួមទាំងក្រុមហ៊ុន New Future Holdings ផងដែរ។
បន្ទាប់ពីគេចផុតពីការចាប់ខ្លួននៅឆ្នាំ២០២៣ អ្នកទាំងពីរបានបន្តទិញអចលនទ្រព្យយ៉ាងសកម្ម ដូចជាអាផាតមិនប្រណីតចំនួន២៥ នៅទីក្រុងឡុងដ៍ ដែលមានតម្លៃជិត៥១លានដុល្លារ តាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជីនៅចក្រភពអង់គ្លេសរបស់ពួកគេ៕
ដោយៈ សរ សុជាតិ