
ទស្សនាវដ្តី Forbes បានចុះផ្សាយគួរឱ្យភ្ញាក់ផ្អើលថា សិង្ហបុរី ដែលជាប្រទេសដែនកោះដ៏តូចមួយនៅតំបន់អាស៊ីអាគ្នេយ៍ បានក្លាយជាប្រទេសមានជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោក តាមពីក្រោយប្រទេសស្វីស និងឈរលើប្រទេសន័រវេស។ បើយោងតាមរបាយការណ៍ចុងក្រោយរបស់ The Economist ការវាយតម្លៃចំណាត់ថ្នាក់នេះ គឺផ្នែកលើប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗរបស់ប្រទេសទាំងនោះ។ ក្នុងនោះពលរដ្ឋស្វីសមានប្រាក់ចំណូលជាមធ្យមប្រមាណ១០ម៉ឺនដុល្លារក្នុង១ឆ្នាំ ខណៈពលរដ្ឋសិង្ហបុរី អាចរកប្រាក់ចំណូលបានជាង៩ម៉ឺនដុល្លារ ចំណែកប្រាក់ចំណូលរបស់ពលរដ្ឋន័វេសមានក្នុងរង្វង់ជាង៨ម៉ឺន៦ពាន់ដុល្លារ។
ក្រៅពីប្រទេសសិង្ហបុរី គ្មានប្រទេសណាមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទទួលចំណាត់ថ្នាក់នៅក្បែរៗនេះនោះទេ គ្រាន់តែដឹងថា ព្រុយណេរជាប់លំដាប់ថ្នាក់លេខ២ នៅក្នុងតំបន់ ជាមួយប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ៗក្នុងរង្វង់ជាង៣ម៉ឺន៣ពាន់ដុល្លារ ហើយតាមពីក្រោយដោយម៉ាឡេស៊ី ជាមួយចំណូលជិត១ម៉ឺន២ពាន់ដុល្លារក្នុងពលរដ្ឋម្នាក់ៗ។
សម្រាប់វៀតណាម ដែលជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេនៅក្នុងតំបន់ អត្រាផលិតផលក្នុងស្រុកសរុបសម្រាប់ពលរដ្ឋម្នាក់មានក្នុងរង្វង់ជាង៤ពាន់៧រយដុល្លារតែប៉ុណ្ណោះ។
របាយការណ៍ខាងលើបានព្យាករថា សិង្ហបុរីអាចនឹងទម្លាក់ប្រទេសស្វីសក្លាយជាប្រទេសមានជាងគេបំផុតលើពិភពលោកនាពេលអនាគតដ៏ខ្លីខាងមុខ។ បើតាមរបាយការណ៍របស់ The Economist បច្ចុប្បន្នប្រទេសដែលមានជាងគេទាំង៥នៅលើពិភពលោករួមមានស្វីស សិង្ហបុរី ន័រវេស កាតា និងដាណឺម៉ាក៕
ដោយៈ សរ សុជាតិ