រដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញគោលនយោបាយលើកទឹកចិត្តជាច្រើនរាប់ចាប់តាំងពីការផ្តល់ប្រាក់រង្វាន់ជាសាច់ប្រាក់ ការបន្ធូរបន្ថយពន្ធ និងការឈប់សម្រាកជូនពលរដ្ឋ ដើម្បីលើកទឹកចិត្តឲ្យពួកគេយកកូនឱ្យច្រើន។ ទោះជាយ៉ាងណា យុទ្ធសាស្ត្រនេះហាក់មិនទាន់អាចផ្លាស់ប្តូរការសម្រេចចិត្តរបស់ពលរដ្ឋបានឡើយ។ បច្ចុប្បន្ន សិង្ហបុរី ដែលមានប្រជាជនជាង៦លាននាក់កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នផ្នែកប្រជាសាស្ត្រ ខណៈអត្រាកំណើតបានធ្លាក់ចុះមកនៅកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺស្ថិតនៅក្រោម១% ប៉ុណ្ណោះ។
សារព័ត៌មានធំៗ ដូចជា Bloomberg ជាដើម បានរាយការណ៍ថា សម្រាប់ពលរដ្ឋសិង្ហបុរី វ័យក្មេងការងារអាទិភាពធំបំផុតរបស់ពួកគេនាពេលនេះ គឺការកសាងអាជីពការងារ សេរីភាពផ្ទាល់ខ្លួន និងការរក្សាគុណភាពជីវិតឱ្យបានខ្ពស់ ដែលកត្តាទាំងនេះបានធ្វើឱ្យផែនការកសាងគ្រួសារបែបប្រពៃណីកាន់តែធ្លាក់ចុះ។
បទពិសោធនៅសិង្ហបុរីនេះ ក៏កំពុងឆ្លុះបញ្ចាំងពីនិន្នាការរួមនៅទូទាំងតំបន់អាស៊ី ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន។ ការសិក្សាមួយបានបង្ហាញថា នៅពេលប្រទេសកាន់តែមានជីវភាពធូរធារ ហើយទីក្រុងកាន់តែទំនើប នោះអត្រាកំណើតនឹងមានទំនោរធ្លាក់ចុះ។
បច្ចុប្បន្នអត្រាកំណើតនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន និងចិន សុទ្ធតែបានធ្លាក់ចុះទាបជាង២% ស្របពេលដែលអត្រាកំណើតនៅសិង្ហបុរី កាលពីឆ្នាំ១៩៦៥ មានក្នុងរង្វង់៤,៦ទៅ៤,៧% ប៉ុន្តែបច្ចុប្បន្នមានប្រហែល០,៩៧% ប៉ុណ្ណោះ។ ស្របពេលអត្រាកំណើតធ្លាក់ចុះ ចំនួនមនុស្សវ័យចំណាស់នៅសិង្ហបុរី បែរជាកើនឡើងយ៉ាងរហ័ស។ ស្ថិតិថ្មីៗរកឃើញថា ក្នុងចំណោមពលរដ្ឋសិង្ហបុរី៥នាក់ គឺមានម្នាក់ហើយដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ដែលនេះនឹងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់កម្លាំងពលកម្ម និងប្រព័ន្ធសេដ្ឋកិច្ចជាតិ នៅថ្ងៃអនាគត៕
អត្ថបទ សរ សុជាតិ