អ្នកឆ្លើយសំណួរក្នុងការស្ទង់មតិប្រមាណ៣១% និយាយថា សិង្ហបុរី បានដើរតួនាទីធំបំផុតក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់ ដូចជាការប្រែប្រួលអាកាសធាតុ និងភាពតានតឹងសេដ្ឋកិច្ចពិភពលោកជាដើម បន្ទាប់មក គឺប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ នេះជាលើកដំបូងហើយដែលតំបន់អាស៊ាន ត្រូវបានគេមើលឃើញថា គួរឱ្យជឿទុកចិត្តជាងសហរដ្ឋអាម៉េរិក នៅក្នុងការគោរពច្បាប់ និងរក្សាស្ថិរភាពពិភពលោក។
ជាមួយគ្នានេះ ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ត្រូវបានចាត់ថ្នាក់ជាក្តីបារម្ភកំពូលនៅក្នុងតំបន់អាស៊ាន ដោយអ្នកឆ្លើយសំណួរជាងពាក់កណ្តាលនៅក្នុងការស្ទង់មតិមានការព្រួយបារម្ភអំពីគោលនយោបាយ ដែលមិនអាចទាយទុកមុនបាន និងហានិភ័យសេដ្ឋកិច្ច។ ក្តីបារម្ភធំៗផ្សេងទៀតរួមមាន ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញទូទាំងពិភពលោក, ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងជម្លោះព្រំដែនកម្ពុជា-ថៃជាដើម។
ការស្ទង់មតិនេះ ក៏បានរកឃើញដែរថា មនុស្សជាច្រើនជឿថា អាស៊ានកំពុងព្យាយាមយ៉ាងសកម្មក្នុងការគ្រប់គ្រងជម្លោះនៅក្នុងតំបន់ ខណៈដែលអ្នកខ្លះទៀតជឿថា អាស៊ានអាចធ្វើបានច្រើនជាងនេះ៕
ដោយ: តែម សុខុម