
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ូលិសប្រទេសសិង្ហបុរី បានធ្វើការបង្ក្រាបក្រុមឧក្រិដ្ឋជនភាគច្រើន ជាបរទេសពាក់ព័ន្ធនឹងការលាងលុយកខ្វក់ នៅក្នុងប្រទេសនេះ ដោយរឹបអូសបានវត្ថុមានតម្លៃមួយចំនួនចាប់ពីកាបូបម៉ាកល្បី Hermes រហូតដល់ដុំមាស ព្រមទាំងនាឡិកាទំនើបៗ មានតម្លៃសរុបចំនួន ២ពាន់៣រយលានដុល្លារ។
ក្រោយពីមានការចំណាយច្រើនរហូតដល់ជាង ២លានដុល្លារអាម៉េរិកនៅចន្លោះឆ្នាំ ២០២៣ និងឆ្នាំ២០២៤ សម្រាប់ការថែទាំ និងស្តុកទុកវត្ថុមានតម្លៃទាំងនេះ ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងលក់វត្ថុមានតម្លៃទាំងនេះ ដើម្បីយកទៅធ្វើការអភិវឌ្ឍជាតិ ប៉ុន្តែការលក់នេះនឹងត្រូវធ្វើតាមរយៈការលក់ដេញថ្លៃ ដោយប៉ូលិសបានប្រគល់សិទ្ធិទៅឱ្យសាខារបស់ក្រុមហ៊ុន ដេលយអ៊ីត (Deloitte) ដើម្បីចាត់ចែងក្នុងការលក់ដេញថ្លៃនេះ។
វត្ថុមានតម្លៃទាំងនេះ រួមមាននាឡិកាម៉ាក Patek Philippe និងម៉ាក Richard Mille គ្រឿងអលង្ការធ្វើពីពេជ្រ និងកាបូបប្រណីតៗដូចជាម៉ា ក Hermes ជាដើម ខណៈដុំមាសនីមួយៗមានទម្ងន់ចន្លោះពី៩៩៩ក្រាមទៅដល់១គីឡូក្រាម។
ចំណែកកាបូបដែលគួរឱ្យទាក់ភ្នែកម៉ាក Mermes Birkin 25 Togo ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជាង២ម៉ឺនដុល្លារ និងកាបូបម៉ាក Hermès Kelly Alligator ដែលអាចលក់បានក្នុងតម្លៃ ចន្លោះពីជាង៦ម៉ឺនទៅជាង៩ម៉ឺនដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដោយដកស្រង់ការចុះបញ្ជីតាមអនឡាញរបស់ក្រុមហ៊ុន Sotheby's និងឈ្មួញកណ្តាលផ្សេងទៀត។ ក្រៅពីនេះក៏នៅមាននាឡិកាដៃដ៏មានតម្លៃមួយចំនួនទៀតផងដែរ។ ក្នុងចំណោមនាឡិកាទាំងនេះ នាឡិកាម៉ាក Patek Philippe ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃជាង៩ម៉ឺនដុល្លារ ហើយនាឡិកាម៉ាក Richard Mille RM 67 អាចមានតម្លៃជាង ៣១ម៉ឺនដុល្លារឯណោះ៕
ដោយ៖ សុខ មង្គល