Smart Axiata

Smart Axiata ដាក់ឱ្យប្រើប្រាស់សេវា 5G ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា


ភ្នំពេញ៖ នាថ្ងៃទី 01 ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata បានសម្រេចនូវសមិទ្ធផលដ៏សំខាន់មួយក្នុងដំណើរឌីជីថលរបស់កម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាទូរសព្ទចល័តជំនាន់ទី5 ឬ 5G។ ការដាក់ឱ្យដំណើរការនេះ បង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា សម្រាប់ប្រព័ន្ធភ្ជាប់ទំនាក់ទំនងជំនាន់ថ្មី និងជាការបង្កើតនូវឱកាសថ្មី និងពង្រឹងវឌ្ឍនភាព សម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈ បុគ្គល គ្រួសារ និងអាជីវកម្មនៅកម្ពុជា។
Smart Axiata
ដោយ
អំពី សេវា 5G

សេវា 5G មិនត្រឹមតែជាបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាបច្ចេកវិទ្យាដែលនាំមកនូវលទ្ធភាពថ្មីៗសម្រាប់ការតភ្ជាប់ ទំនាក់ទំនង ការសិក្សា ការងារ និងការរីកចម្រើនជាច្រើន។ សេវា 5G អាចជួយពង្រឹងសហគមន៍ និងគាំទ្រដល់អនាគតដ៏រឹងមាំប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍឌីជីថលសម្រាប់កម្ពុជា។

នៅដំណាក់កាលដំបូង ក្រុមហ៊ុន Smart បានដាក់ឱ្យប្រើប្រាស់សេវា 5G នៅក្នុងបណ្តារាជធានីខេត្តសំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ និងខេត្តកណ្តាល តាមរយៈការដំឡើងអង់តែនសេវានៅ 283 ទីតាំងតំបូង និងមានការដំឡើងបន្តនៅតាមបណ្តាខេត្តសំខាន់ៗជាបន្តបន្ទាប់។ ចំនួននេះគ្រាន់តែជាការចាប់ផ្តើមនៃផែនការពង្រីកបណ្តាញសេវា 5G ប្រចាំឆ្នាំរបស់ក្រុមហ៊ុនប៉ុណ្ណោះ។

អតិថិជនអាចពិនិត្យមើលតំបន់គ្របដណ្តប់បណ្តាញ 5G បានយ៉ាងងាយស្រួល តាមរយៈមុខងារ នៅក្នុងកម្មវិធី SmartNas តាមតំណនេះ https://smartnas.go.link/home។ កម្មវិធី SmartNas ក៏អនុញ្ញាតឲ្យអតិថិជនពិនិត្យមើលពី ប្រភេទទូរសព្ទ ឬឧបករណ៍ ស៊ីមកាត ដែលអាចប្រើប្រាស់ប្រព័ន្ធ​5Gបាន ដើម្បីធានាបាននូវបទពិសោធន៍ប្រើប្រាស់បណ្តាញ 5G របស់ក្រុមហ៊ុនស្មាតមានភាពរលូន និងមានប្រសិទ្ធភាព។

សម្រាប់ឡូហ្គូ 5G របស់ក្រុមហ៊ុនស្មាត ត្រូវបានរចនាឡើងដោយមានបង្កប់នូវនិមិត្តសញ្ញា “អនន្ត” ដែលតំណាងឱ្យលទ្ធភាពឥតដែនកំណត់ និង វឌ្ឍនភាពឥតឈប់ឈរ។ ដែលនេះឆ្លុះបញ្ចាំងពីសក្ដានុពលជាច្រើនដែលសេវា 5G នាំមកជូន មិនត្រឹមតែធ្វើឱ្យការតភ្ជាប់កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប។

សេវា 5G រចនាឡើងសម្រាប់បុគ្គល គ្រួសារ និងអាជីវកម្ម

ការដាក់ឱ្យដំណើរការសេវា 5G របស់ Smart ត្រូវបានបង្កើតឡើងដោយយកអតិថិជនជាគោល និងផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា មិនមែនផ្តោតតែលើល្បឿនអ៊ីនធឺណិតតែមួយមុខនោះទេ។

សម្រាប់បុគ្គល និងក្រុមគ្រួសារ សេវា 5G ជួយឱ្យការហៅទូរសព្ទ និងការទស្សនាវីដេអូកាន់តែរលូន ការទាញយកទិន្នន័យកាន់តែលឿន និងការតភ្ជាប់មានស្ថេរភាពខ្ពស់សម្រាប់ការសិក្សាតាមអនឡាញ ការធ្វើការងារពីចម្ងាយ ការលេងហ្គេម និងការកម្សាន្តឌីជីថលផ្សេងៗ ដែលជួយគាំទ្រដល់ជីវិតរស់នៅប្រចាំថ្ងៃឱ្យកាន់តែងាយស្រួល និងប្រកបដោយទំនុកចិត្ត។

សេវា 5G ក៏បើកឱកាសថ្មីៗសម្រាប់ម្ចាស់អាជីវកម្ម និងសហគ្រិនផងដែរ។ ចាប់ពីសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) រហូតដល់អ្នកបង្កើតមាតិកា អ្នកធ្វើការងារឯករាជ្យ (Freelancers) និងធុរកិច្ចថ្មី (Startup) ការតភ្ជាប់ដែលលឿន និងមានប្រសិទ្ធភាព នឹងជួយឱ្យអាជីវកម្មដំណើរការកាន់តែប្រសើរឡើង ពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។

រីករាយជាមួយការផ្ដល់ជូនដាតា 50% បន្ថែមលើបទពិសោធន៍ 5G

អតិថិជន Smart ដែលមានទូរសព្ទ ឬឧបករណ៍ដែលមានមុខងារគាំទ្របច្ចេកវិទ្យាសេវា 5G និងកំពុងប្រើប្រាស់គម្រោងផ្សេងៗរបស់ Smart អាចរីករាយជាមួយអត្ថប្រយោជន៍នៃសេវា 5G នៅក្នុងតំបន់គ្របដណ្តប់ ដោយមិនចាំបាច់ប្តូរស៊ីមកាតថ្មីឡើយ។ចាប់ពីថ្ងៃទី ០1 ខែមករា ដល់ថ្ងៃទី 31 ខែមីនា 2026 រាល់ការភ្ជាប់ ឬបន្តគម្រោងដែលបានកំណត់ អតិថិជននឹងទទួលបានទិន្នន័យបន្ថែម 50% ភ្លាមៗ សម្រាប់ប្រើប្រាស់លើប្រព័ន្ធសេវា 5G។ ការថែមជូននេះ មានសុពលភាពសម្រាប់ប្រើប្រាស់លើប្រព័ន្ធសេវា 5G តែប៉ុណ្ណោះ ដើម្បីឱ្យអតិថិជនអាចទទួលបានបទពិសោធន៍អ៊ីនធឺណិតជំនាន់ថ្មីយ៉ាងពេញលេញ។

ជាមួយការថែមជូននេះ អតិថិជនអាចសាកល្បងបទពិសោធន៍ថ្មីនៃប្រព័ន្ធសេវា 5G ចាប់ពីការកម្សាន្ត និងការលេងហ្គេម រហូតដល់ការងារ ការសិក្សា ហើយអាចស្វែងយល់ពីភាពខុសប្លែក បើធៀបនឹងបច្ចេកវិទ្យាជំនាន់មុន។ សម្រាប់ព័ត៌មានបន្ថែម សូមមើលលក្ខខណ្ឌនិងការអនុវត្ត 5G នៅលើគេហទំព័ររបស់ Smartតាមតំណភ្ជាប់ៈ https://www.smart.com.kh/km/smart-5G

លក្ខខណ្ឌសម្រាប់អតិថិជន៖

  • ឧបករណ៍ដែលគាំទ្រ 5G
  • ស្ថិតនៅក្នុងតំបន់គ្របដណ្តប់សេវា 5G របស់ Smart

លោក Ritesh Kumar Singh នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
«សេវា 5G គឺជាជំហានដ៏សំខាន់សម្រាប់ការត្រៀមខ្លួនរបស់កម្ពុជាទៅរកសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ សេវា​ 5G​ មិនត្រឹមតែបង្កើនល្បឿននៃការតភ្ជាប់នោះទេ ប៉ុន្តែយើងសង្ឈឹមថាបច្ចេកវិទ្យានេះ នឹងជួយធ្វើឱ្យប្រជាជនគ្រប់រូបអាចប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍យ៉ាងពិតប្រាកដ មិនថាសម្រាប់ការបង្កើតថ្មី ការគាំទ្រអាជីវកម្ម ឬការលើកកម្ពស់រសនិយមបែបឌីជីថលប្រចាំថ្ងៃនោះឡើយ។ ការដាក់ឱ្យដំណើរការនេះ នឹងធ្វើឡើងតាមដំណាក់កាល និងប្រកបដោយទំនួលខុសត្រូវ ដើម្បីផ្តល់ការតភ្ជាប់ដែលអាចទុកចិត្តបានសម្រាប់អតិថិជនលក្ខណៈបុគ្គល គ្រួសារ និងអាជីវកម្ម »។

សេវា5G ដែលមានអត្ថប្រយោជន៍លើសពីសេវាទូរសព្ទចល័ត

ក្រៅពីការប្រើប្រាស់ផ្ទាល់ខ្លួន បច្ចេកវិទ្យាសេវា 5G ក៏បើកឱកាសថ្មីៗសម្រាប់អាជីវកម្ម និងវិស័យឧស្សាហកម្មនានាផងដែរ។ ជាមួយនឹងល្បឿនលឿន និងការបញ្ជូនទិន្នន័យដោយរលូន អាជីវកម្មអាចអនុវត្តបច្ចេកវិទ្យាទំនើបៗ ដូចជា ការវិភាគទិន្នន័យភ្លាមៗ ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការបំពេញការងារពីចម្ងាយបានយ៉ាងរលូន។

រោងចក្រ និងវិស័យផលិតកម្ម អាចប្រើប្រាស់ប្រព័ន្ធ IoT ដើម្បីតាមដាន និងបង្កើនប្រសិទ្ធភាពការងារ ខណៈដែលវិស័យដឹកជញ្ជូន អាចគ្រប់គ្រងការចែកចាយ និងខ្សែសង្វាក់ផ្គត់ផ្គង់បានយ៉ាងមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធតាមដានភ្លាមៗ ដែលនេះនឹងជួួយលើកកម្ពស់ផលិតភាព និងភាពទុកចិត្តបានទូលំទូលាយនៅគ្រប់វិស័យ ដែលគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។

តាមរយៈការដាក់ឱ្យប្រើប្រាស់សេវា 5G ក្រុមហ៊ុន Smart Axiata បន្តបង្ហាញជំហរជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងដំណើរវិវត្តន៍ឌីជីថលរបស់កម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ និងសហគមន៍ ដើម្បីធានាថាសេវា 5G ត្រូវបានអនុវត្តប្រកបដោយបរិយាបន្ន តម្លាភាព និងចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ និងអត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជា។




អត្ថបទបន្ទាប់


លោក ត្រាំ គំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ជាលើកទី២ និងព្រមានក្រុមហាម៉ាសឱ្យប្រញាប់រំសាយអាវុធ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ ថា សហរដ្ឋអាម៉េរិក អាចនឹងវាយប្រហារដ៏ធំមួយទៀតប្រឆាំងនឹងអ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ