ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញឱ្យម្ចាស់សហគ្រាសក្នុងវិស័យ SME នៅកម្ពុជា ត្រូវបន្តពង្រឹងគុណភាព និងសោភណភាពវេចខ្ចប់ផលិតផល និងការផ្តល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីលើកកម្ពស់ការគាំទ្រផលិតផលក្នុងស្រុក ដែលកំពុងមានសម្ទុះខ្លាំង។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ការពង្រឹងខ្លួនបន្ថែម មិនត្រឹមតែជួយលើកកម្ពស់ភាពប្រកួតប្រជែងប៉ុណ្ណោះទេ តែវាក៏ជួយបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់សម្រាប់រយៈពេលវែងផងដែរ ដ្បិតថា ការពហិការផលិតផលថៃ ឬការបិទច្រកព្រំដែនមិនអាចធ្វើឡើងជារៀងរហូតនោះឡើយ។
ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា សហគ្រាសផលិតក្នុងស្រុក បានខិតខំពង្រឹងគុណភាពផលិតផលរបស់ខ្លួនជាបន្តបន្ទាប់ បើទោះបីជា វិស័យនេះ បានជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។ បន្ថែមពីនេះ ឧកញ៉ា តែ តាំងប៉ ក៏បានស្នើ គ្រប់ភាគីពាក់ព័ន្ធបន្ដជួយគាំទ្រដល់វិស័យនេះបន្ថែមទៀត។
របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា នៅពេញមួយឆ្នាំ២០២៥ កន្លងទៅនេះ មានសហគ្រាសធុនមីក្រូ តូច និងមធ្យមចុះបញ្ជីថ្មីចំនួនជាង ១ពាន់២រយសហគ្រាស ដោយភាគច្រើនស្ថិតក្នុងផ្នែកម្ហូបអាហារ និងភេសជ្ជៈ ឧស្សាហកម្មគីមី និងកាត់ដេរ។ បើគិតពីចំនួន សហគ្រាសធនមីក្រូ តូច និងមធ្យម ដែលបានចុះបញ្ជីក្នុងប្រព័ន្ធ សរុបមានចំនួនជាង ៤ម៉ឺន៤ពាន់សហគ្រាស និងចំនួនជាង២៥ម៉ឺនសហគ្រាសទៀត បានចុះឈ្មោះក្នុងបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។