វិស័យសេដ្ឋកិច្ច

តើមកទល់ពេលនេះ សេដ្ឋកិច្ចពិភពលោកមានស្ថានភាពយ៉ាងណា?


ស្របពេលឱសានវាទនៃការអនុវត្តពន្ធបដិការរបស់សហរដ្ឋអាម៉េរិក កាន់តែខិតជិតចូលមកដល់ ក្រុមអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា ស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកហាក់មានភាពស្ងប់ស្ងាត់មុនពេលព្យុះសង្ឃរា នៃសម្ពាធពន្ធចូលមកដល់។ អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា នៅពេលនេះ សម្ពាធពន្ធគយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ មិនទាន់ជះឥទ្ធិពលធំដុំដល់សេដ្ឋកិច្ចពិភពនៅឡើយទេ ហើយស្ថានភាពដ៏អាក្រក់បំផុតសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏មិនទាន់មកដល់ដូចគ្នាដែរ។
វិស័យសេដ្ឋកិច្ច
ដោយ

បើតាមការរាយការណ៍របស់សារព័ត៌មាន Aljazeera ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រំា បានដាក់ចេញវិធានការពន្ធគយ អ្នកជំនាញសេដ្ឋកិច្ចបានចេញមកព្រមានពីគ្រោះមហន្តរាយសម្រាប់សេដ្ឋកិច្ចពិភពលោក ប៉ុន្តែដោយសារការពន្យារពេលដោយកំណត់ពន្ធត្រឹមតែ១០% អ្វីដែលជាក្តីបារម្ភហាក់សាបរលាបបន្តិច។ ប៉ុន្តែសេដ្ឋកិច្ចពិភពលោកអាចនឹងរងព្យុះសង្ឃរានៃសម្ពាធពន្ធ ក្រោយអាម៉េរិក ចាប់ផ្តើមអនុវត្តពន្ធបដិកាយ៉ាងទូលំទូលាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ តទៅ។

អ្នកវិភាគបានលើកឡើងថា មកដល់ពេលនេះ ឥទ្ធិពលពិតប្រាកដដែលបង្កឡើងដោយបញ្ហាពន្ធបដិការរបស់អាម៉េរិក មិនទាន់លេចចេញជារូបរាងគួរឱ្យកត់សម្គាល់នៅឡើយទេ។ ប៉ុន្តែគ្រប់ប្រទេសទាំងអស់​កំពុងស្ថិតក្នុងស្រមោលនៃភាពភ័យខ្លាច ហើយម្នាក់ៗនៅតែបារម្ភថា សេដ្ឋកិច្ចអាម៉េរិក និងពិភពលោកប្រហែលជាកំពុងពើបប្រទះនឹងភាពស្ងប់ស្ងាត់មុនពេលព្យុះមកដល់។

​លោក ចូសេប ហ្វូឌី (Joseph Foudy) សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ New York Stern School of Business បានប្រាប់ Al Jazeera ថា នៅពេលសហរដ្ឋអាម៉េរិក ចាប់ផ្តើម​អនុវត្តពន្ធបដិការលើប្រទេសនានា ចាប់ពី២០% ឡើងទៅ នោះសេដ្ឋកិច្ចពិភពលោកនឹងមើលឃើញពីបញ្ហាប្រឈមរបស់ខ្លួន។

ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី យូស៊ូឡា វុនឌ័រ ឡេយេន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បានព្រមានថា ពន្ធ៣០% របស់សហរដ្ឋអាម៉េរិក ដាក់លើសហភាពអឺរ៉ុបនឹងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពេញមួយតំបន់​មហាសមុទ្រអាត្លង់ទិក ហើយនៅពេលនោះផលប៉ះពាល់នឹងជះឥទ្ធិពលដល់អាជីវកម្ម និងអ្នកប្រើប្រាស់នៅក្នុងតំបន់នោះទាំងមូល។

ជាមួយគ្នានេះ លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានអះអាងថា ទោះបីកាលបរិច្ឆេទនៃការអនុវត្តពន្ធបដិការខិតជិតចូលមកដល់ ប៉ុន្តែអាម៉េរិក ក៏មិនប្រញាប់ក្នុងការចរចា​នោះទេ ព្រោះសហរដ្ឋអាម៉េរិក ត្រូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលមានគុណភាព និងមានគុណតម្លៃ ហើយសហរដ្ឋអាម៉េរិកនឹងអនុវត្តពន្ធជាជំហានៗតាមលទ្ធផលនៃការចរចា​៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារធំៗនៅថៃ កំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណេញ និងការកើនឡើងឥណទានមិនដំណើរការ

ធនាគារពាណិជ្ជធំៗចំនួន១១ នៅក្នុងប្រទេសថៃ បានចេញរបាយការណ៍រួមគ្នាមួយដោយត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណេញ ស្របពេលពួកគេកំពុងប្រឈមនឹងការកើ…

សហភាពអឺរ៉ុបនឹងបង្កើនវិធានការផ្ចាញ់តបចំពោះអាម៉េរិក ក្រោយគ្មានក្ដីសង្ឃឹមថា អាម៉េរិកនឹងបន្ធូរបន្ថយពន្ធដល់ខ្លួន

ក្រុមអ្នកការទូតសហភាពអឺរ៉ុប បានអះអាងថា សហភាពអឺរ៉ុប កំពុងស្វែងរកវិធានការសងសឹកដ៏ទូលំទូលាយតាមតែអាចធ្វើទៅបាន ដើម្បីប្រឆាំងនឹងវិធានការពន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ