វិស័យអប់រំ

តើការជ្រើសរើសមុខវិជ្ជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិតសម្រាប់ប្រឡង ពិតជាឆ្លុះបញ្ចាំងពីសមត្ថភាពសិស្សរៀនខ្សោយ រៀនខ្លាំង ឬយ៉ាងណា?


ថ្មីៗនេះមានការផ្ទុះការវែកញែកយ៉ាងផុសផុលជុំវិញការជ្រើសរើសមុខជំនាញប្រឡងរបស់សិស្សសម្រាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ ក្រោយចំនួនសិស្សជ្រើសរើសថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួនច្រើនលើសលប់ជាងថ្នាក់វិទ្យាសាស្រ្តពិត ដោយមានអ្នកខ្លះបានលើកពីហេតុធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សិស្សជាដើម។
វិស័យអប់រំ
ដោយ

អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិតសភាកម្ពុជា យល់ថា ការរើសថ្នាក់ប្រលងរបស់សិស្សជាចំណង់ចំណូលចិត្តសិក្សារបស់ពួកគេ នឹងមិនបានបញ្ជាក់ថា សិស្សខ្ចិលរៀន និងរៀនខ្សោយដោយគ្រាន់តែរៀនថ្នាក់វិទ្យាសាស្រ្តសង្គមនោះទេ ហើយការជ្រើសរើសមុខជំនាញណាមួយក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គមនោះដែរ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីអាចជំរុញឱ្យសិស្សរៀនថ្នាក់វិទ្យាសាស្រ្តមានការកើនឡើង រដ្ឋាភិបាលគួរតែលើកកម្ពស់ការរៀន និងបង្រៀនផ្នែកវិទ្យាសាស្ត្របន្ថែមទៀត។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ចំណង់ចំណូលចិត្តសិក្សា និងសមត្ថភាពសិស្សនីមួយៗមិនដូចគ្នាទេ ដោយចំនួនសិស្សជ្រើសរើសប្រលងថ្នាក់វិទ្យាសាស្រ្តសង្គមច្រើននៅឆ្នាំនេះ ក៏មិនមែនដោយសារពួកគេរៀនខ្សោយ ឬរៀនខ្ចិលនោះដែរ។ បើតាមអ្នកជំនាញរូបនេះ ការជ្រើសរើសមុខវិជ្ជាប្រលងនៅកម្រិតមធ្យមសិក្សាទុតិយភូមិ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរការអភិវឌ្ឍសង្គមនោះឡើយ ព្រោះថា ការប្រលងសិស្សមានគោលដៅដើម្បីជាប់ និងឈានទៅសម្រេចការសិក្សាជំនាញបន្តទៀតក្នុងកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យ ដោយការប្រលងបាក់ឌុបនេះមិនអាចកំណត់អនាគតរបស់សិស្សបានឡើយ។ តែយ៉ាងណាទាំងមុខវិជ្ជាវិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គមសុទ្ធតែសំខាន់ ដែលត្រូវការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងមានតម្រូវការក្នុងសង្គមជាក់ស្ដែង។

​មិនខុសគ្នានោះទេ លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋមិនគួរមានចិត្តចង្អៀតទៅលើសិស្សានុសិស្សដែលប្រលងជ្រើសយកថ្នាក់វិទ្យាសាស្រ្តសង្គមនោះឡើយ ឱ្យតែពួកគេអាចប្រលងជាប់ និងរៀនពូកែ ពីព្រោះសង្គមទាំងមូលមិនមែនត្រូវការតែអ្នកវិទ្យាសាស្រ្ត ដើម្បីអភិវឌ្ឍសង្គមនោះទេ។ តែយ៉ាងណាដើម្បីឱ្យធនធានមនុស្សផ្នែកវិទ្យាសាស្រ្តអាចឆ្លើយតបនឹងកង្វះអ្នកជំនាញបច្ចេកទេស អ្នកជំនាញរូបនេះយល់ថា ក្រសួងអប់រំ យុវជន និងកីឡា គួរតែទម្លាក់ថវិការ ដើម្បីលើកកម្ពស់ការយល់ដឹង និងគាំទ្រសកម្មភាពរៀន និងបង្រៀនផ្នែកវិទ្យាសាស្រ្ត សាងសង់ទីតាំងសម្រាប់ពិសោធន៍ ដែលអាចអនុវត្តមេរៀនជាក់ស្ដែង បង្កើនឱកាសអាហារូបករណ៍ និងឱកាសការងារសម្រាប់ថ្នាក់វិទ្យាសាស្រ្តបន្ថែមទៀតជាដើម។

​គួរបញ្ជាក់ថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនឹងប្រព្រឹត្តនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន១៤ម៉ឺន៦ពាន់៧២០នាក់ (ស្រីចំនួន៨ម៉ឺន១ពាន់៤៤២នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន៤០,៦៧៨នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន១០៦,០៤២នាក់៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


មីយ៉ាន់ម៉ាបិទព្រំដែនជាឯកតោភាគី ធ្វើឱ្យពាណិជ្ជកម្មថៃខាតបះដៃបះជើង

អ្នកនាំចេញទំនិញ និងអាជីវកម្មនានារបស់ថៃនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិដ៏ធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ាបានបិ…

តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រទេសថៃ ហ៊ុមព័ទ្ធដោយបញ្ហាជម្លោះ មិនកសាងសន្តិភាពជាមួយប្រទេសជិតខាង?

ប្រទេសថៃ គឺជាប្រទេសមួយដែលហ៊ុមព័ទ្ធដោយបញ្ហាជម្លោះជាមួយបណ្ដាប្រទេសជិតខាងដូចជាកម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ជាក់ស្ដែងកងទ័ពថៃ បានបង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ