វិស័យយុត្តធម៌

អ្នកជំនាញស្នើរដ្ឋាភិបាលកម្ពុជា ពន្លឿននីតិវិធីប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ


អ្នកតាមដានស្ថានការណ៍សង្គម និងអ្នកច្បាប់ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿននីតិវិធីប្ដឹងមេដឹកនាំថៃ ទៅកាន់អង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ខណៈពួកគេសង្កេតឃើញថា ភាគីថៃ កំពុងយកលេសមិនចូលរួមប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបង្ហាញចេតនាចង់កាន់កាប់ដី ដែលយោធាថៃ វាយរំលោភបំពានយកដោយខុសច្បាប់។
វិស័យយុត្តធម៌
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា ភាគីថៃ តែងរកលេសដើម្បីគេចវេសមិនចូលរួមប្រជុំដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានាកន្លងមក។ បើតាមអ្នកជំនាញរូបនេះ ដើម្បីជំរុញឱ្យថៃ វិលមករក​ការចរចា កម្ពុជា ត្រូវបន្តដាក់ដំណើទៅភាគីថៃ និងប្ដឹងទៅអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ក៏ដូចជាប្រើយន្តការការទូតជាមួយសហគមន៍អន្តរជាតិ និងបង្កើនការផ្សព្វផ្សាយព័ត៌មានអំពីវិនាសកម្ម ដែលថៃ បានធ្វើមកលើកម្ពុជា ជាដើម។ យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ថា នៅក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់នេះ កម្ពុជា ត្រូវខិតខំពង្រឹងវិស័យការពារជាតិ ព្រោះថៃ មិនបានបោះបង់មហិច្ឆតាក្នុងការដណ្ដើមយកទឹកដីខ្មែរនោះទេ។

​ជាមួយគ្នានេះ លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គមចាត់ទុកការពន្យារពេលកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោករបស់ភាគីថៃ គ្រាន់តែជាលេសក្នុងការឈ្លានពាន និងបំផ្លាញកម្ពុជា ប៉ុណ្ណោះ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ថៃ តែងតែដោះសារ និងរកឱកាសឈ្លានពានកម្ពុជា ដើម្បីបំពេញចិត្តអ្នកជាតិនិយមជ្រុលមួយចំនួន និងដើម្បីបន្តកាន់អំណាច។ នៅក្នុងស្ថានភាពនេះ លោកបណ្ឌិត ធួន ស៊ីណាន យល់ថា កម្ពុជា មិនអាចបន្តនៅស្ងៀម និងរង់ចាំដំណោះស្រាយពីភាគីថៃ បាននោះទេ តែកម្ពុជា ត្រូវប្ដឹងទៅអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

​ដោយឡែក លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទយល់ឃើញថា ការពន្យារពេលប្រជុំគណៈកម្មការកំណត់ព្រំដែនក្រោយការផ្អាកបាញ់ចុងក្រោយនេះ អាចជាលេសរបស់ថៃ ក្នុងការកាន់កាប់លើដីដែលពួកគេកំពុងឈរជើង។ នៅក្នុងស្ថានភាពនេះ អ្នកជំនាញផ្នែកច្បាប់រូបនេះលើកឡើងថា កម្ពុជា ត្រូវតែជំរុញឱ្យថៃ បន្តការប្រជុំលើកិច្ចការព្រំដែន និងការប្រើយន្តការអង្គការសហប្រជាជាតិ ដោយដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីទាមទារឱ្យថៃ ដកទ័ព និងសងការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងប្រាង្គប្រាសាទ និងជំរុញឱ្យថៃ ងាកមករកយន្តការគណៈកម្មការកំណត់ព្រំដែនវិញ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ក្នុងករណីថៃ នៅតែមិនព្រម កម្ពុជា អាចដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រឿងព្រំដែន និងប្តឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬឧក្រិដ្ឋសង្រ្គាម ឬឧក្រិដ្ឋឈ្លានពាន ប្រសិនបើកម្ពុជា មានភស្តុតាងគ្រប់គ្រាន់។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដាក់សំណើទៅភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ក្នុងគោលបំណងដោះស្រាយបញ្ហា និងបោះបង្គោលព្រំដែននៅតំបន់មានជម្លោះ។ តែជាការឆ្លើយតប ភាគីថៃ ស្នើសុំលើកក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។ ទន្ទឹម​នេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានគូសបញ្ជាក់ថា កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រសួងកសិកម្ម ជំរុញឱ្យកសិករបង្កើនដាំដុះបន្លែ ដើម្បីផ្គង់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តកសិករដែលមានលទ្ធភាពបង្កើនការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ដើម្បីផ្គត់ផ្គង់តម្រូ…

ធនធានរ៉ែប្រេងរបស់វេណេស៊ុយអេឡាក្លាយជាសមរភូមិប្រកួតប្រជែងរវាងអាម៉េរិក និងចិន

ចាប់តាំងពីសហរដ្ឋអាម៉េរិក ចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) មក លោក ដូណាល់ ត្រាំ បាននិយាយម្តង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ