
អ្នកជំនាញភូមិសាស្ត្រនយោបាយនៅកម្ពុជាបានវាយតម្លៃថា រដ្ឋាភិបាលថៃថ្មីនេះទំនងជាមិនអាចចរចារកដំណោះស្រាយល្អប្រសើរមួយជាមួយកម្ពុជាពាក់ព័ន្ធនឹងវិវាទព្រំដែននោះទេ ដោយសារសភាថៃនឹងត្រូវរំលាយចោលបោះឆ្នោតម្តងទៀតក្នុងពេលឆាប់ៗខាងមុខនេះ ដែលបញ្ហានេះថៃអាចនឹងយករឿងជម្លោះព្រំដែនជាមួយកម្ពុជាធ្វើជាឧបករណ៍នយោបាយរបស់ពួកគេ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាកត់យល់ឃើញថា ទោះបីថៃបានជ្រើសរើសលោក អានុទីន ឆានវីរៈគុល ឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីក៏ដោយ តែជម្លោះព្រំដែនជាមួយកម្ពុជាទំនងជាមិនអាចធូរស្រាលនោះទេ ព្រោះលោកមានពេលដឹកនាំប្រមាណ៤ខែប៉ុណ្ណោះ ដោយសារសភាថៃនឹងត្រូវរំលាយចោលក្នុងរយៈពេល៤ខែបន្ទាប់ពីបង្កើតរដ្ឋាភិបាលរួច។ បើតាមអ្នកជំនាញរូបនេះ ត្បិតចរន្តជាតិនិយមថៃខ្លាំងក្លាមកលើជម្លោះព្រំដែនជាមួយកម្ពុជា ដូចនេះពួកអ្នកនយោបាយថៃនឹងយកបញ្ហាព្រំដែននេះមកធ្វើជាឧបករណ៍នយោបាយ ដើម្បីបង្កើនប្រជាប្រិយភាពរៀងៗខ្លួនបន្តទៀត។
ជាមួយគ្នានេះលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្រ្តនយោបាយសង្កេតឃើញថា តាមរយៈឥរិយាបថនយោបាយរបស់មេបក្សភូមិចៃថៃនេះ ហាក់មិនអាចធ្វើឱ្យជម្លោះព្រំដែនជាមួយកម្ពុជាមានភាពប្រសើរឡើងបាននោះទេ ត្បិតថាលោកមិនមានអំណាចក្នុងការសម្រេចចិត្តធំៗ ហើយសិទ្ធសម្រេចចិត្តជាការសម្រេចរបស់ភាគីទី៣ ឬក្រុមយោធាទៅវិញ ដែលកត្តានេះអ្នកជំនាញរូបនេះបានវាយតម្លៃថា លុះត្រាតែមេបក្សភូមិចៃថៃរូបនេះរំលាយសភាក្នុងរយៈពេល៤ ដើម្បីបោះឆ្នោតចាត់តាំងនាយករដ្ឋមន្ត្រីថ្មីម្ដងទៀត ទើបរដ្ឋាភិបាលថៃថ្មីនេះអាចមានសិទ្ធិសម្រេច និងចរចារកដំណោះស្រាយលើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា ក្រោយទទួលបានការគាំទ្រពីគណបក្សប្រជាជនថៃ ដែលជាសំឡេងប្រឆាំងដ៏ធំនៅក្នុងប្រទេសថៃ ទីបំផុតប្រទេសថៃរកបាននាយករដ្ឋមន្ត្រីថ្មីហើយ គឺលោក Anutin Chanvrakul មេដឹកនាំគណបក្សភូមិចៃថៃ។ ជាមួយគ្នានេះ មេបក្សភូមិចៃថៃ ត្រូវធ្វើយ៉ាងណារំលាយរដ្ឋសភាចោលក្នុងរយៈពេល៤ខែក្រោយបន្ទាប់ពីបង្កើតរដ្ឋាភិបាលរួច ហើយរៀបចំការបោះឆ្នោតសាជាថ្មីតបតាមលក្ខខណ្ឌរបស់គណបក្សប្រជាជនថៃ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា