
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ និងបានបន្តមកដល់ឆ្នាំ២០២៥នេះ គឺបានចូលរួមចំណែកជួយដោះស្រាយបញ្ហាអគារវិនិយោគជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះឱ្យសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ តួយ៉ាង គិតត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ មានគម្រោងអគារជាប់គាំងចំនួន១៥៣គម្រោង ក្នុងចំណោមអគារជាប់គាំងសរុបចំនួនជាង៣៦០គម្រោងត្រូវបានដោះស្រាយ និងទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋ។ គម្រោងអគារដែលត្រូវបានដោះស្រាយនេះ មានទុនវិនិយោគសរុបជាង៤៨០លានដុល្លារ។
តែយ៉ាងណាឯកឧត្តម បានវាយតម្លៃថា បញ្ហាអគារវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហនុនេះ ទំនងជាមិនអាចដោះស្រាយបានចប់សព្វគ្រប់នៅឆ្នាំ២០២៥ នេះ ឬឆ្នាំ២០២៦ ខាងមុខបាននោះទេ ដ្បិតថា បញ្ហាអគារជាប់គាំងនេះ មានភាពស្មុគស្មាញច្រើន គួបផ្សំបច្ចុប្បន្ន កម្ពុជាកំពុងរងឥទ្ធិពលពីភាពមិនច្បាស់លាស់នៃវិបត្តិសេដ្ឋកិច្ចសកល រាប់ចាប់តាំងពីបញ្ហាសង្គ្រាម ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងបញ្ហាសង្គ្រាមពាណិជ្ជកម្មជាដើម។
គួរបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងឱ្យធុរជន និងវិនិយោគិន អាចស្នើសុំ និងអនុវត្តគម្រោង ឬសកម្មភាពពាក់ព័ន្ធនឹងគម្រោងអគារជាប់គាំង គម្រោងមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និងការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តព្រះសីហនុ ដែលនឹងទទួលបាននូវអត្ថប្រយោជន៍ពិសេសដូចជាការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា៕