
តម្លៃរូបិយប័ណ្ណរបស់ជប៉ុន និងកូរ៉េខាងត្បូង បានធ្លាក់ចុះរំពេចបើធៀបនឹងប្រាក់ដុល្លារកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតទៅកាន់សម្ពន្ធមិត្តរបស់អាម៉េរិកទាំងពីរនេះ ដើម្បីជូនដំណឹងពីអត្រាពន្ធបដិការថ្មី ដែលត្រូវអនុវត្តលើទំនិញរបស់ប្រទេសទាំងពីរ។ លុយយ៉េនរបស់ជប៉ុន បានធ្លាក់ចុះ០,៥% ធៀបនឹងប្រាក់ដុល្លារ ដោយមួយដុល្លារប្ដូរបាន១៤៦យ៉េន ខណៈលុយវ៉ុនរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះប្រហែល១% ធៀបនឹងប្រាក់ដុល្លារ។
ជាមួយគ្នានេះ ទីផ្សារភាគហ៊ុនរបស់ប្រទេសទាំងពីរមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ក្នុងនោះសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ជប៉ុន បានធ្លាក់ចុះ០,១១%, ផ្សារហ៊ុនរបស់កូរ៉េខាងត្បូង KOSPI បានកើនឡើង០,៤០%។
ការប្រែប្រួលតម្លៃរូបិយប័ណ្ណ និងផ្សារហ៊ុនរបស់ជប៉ុន និងកូរ៉េខាងត្បូងនេះ បានកើតឡើងក្រោយលោក ត្រាំ បានផ្ញើលិខិតទៅកាន់មេដឹកនាំនៃប្រទេសទាំងពីរថា ចាប់ពីថ្ងៃទី១ ខែសីហា តទៅ សហរដ្ឋអាម៉េរិកនឹងយកពន្ធគយ២៥% ដូចគ្នា សម្រាប់ការនាំចេញទំនិញរបស់ប្រទេសទាំងពីរទៅកាន់សហរដ្ឋអាម៉េរិក។ តែយ៉ាងណាប្រទេសទាំងពីរនឹងបន្តចរចាជាមួយនឹងលោក ត្រាំ ដើម្បីសុំការបន្ធូរបន្ថយពន្ធថែមទៀត៕
ដោយ៖ សុខ មង្គល