វិស័យស្រូវ អង្ករ

កសិករធ្វើស្រែមួយចំនួននៅខេត្តតាកែវ និងព្រៃវែង រអ៊ូរទាំពីតម្លៃស្រូវ OM ធ្លាក់ចុះ និងស្នើឱ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍


កសិករធ្វើស្រែមួយចំនួននៅខេត្តតាកែវ និងព្រៃវែង បានរអ៊ូរទាំពីការធ្លាក់ចុះតម្លៃស្រូវអូអឹម ក្រោយតម្លៃបច្ចុប្បន្ចដែលអាចលក់បានក្នុងរង្វង់ជាង៧០០រៀលក្នុង១គីឡូក្រាមមិនអាចផ្ដល់ប្រាក់ចំណេញដល់ពួកគេ។ បញ្ហានេះកំពុងធ្វើឱ្យកសិករមួយចំនួនបាក់ទឹកចិត្ត និងបង្ហាញបំណង់ចង់ធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
វិស័យស្រូវ អង្ករ
ដោយ

បើតាមការអះអាងរបស់ឈ្មួញកណ្ដាល ដែលប្រមូលទិញស្រូវយកទៅលក់បន្តឱ្យឈ្មួញធំនៅវៀតណាម កត្តាដែលធ្វើឱ្យលោកមិនអាចទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ ដោយសារឈ្មួញធំនៅវៀតណាម ជាអ្នកកំណត់តម្លៃ គួបផ្សំផលិតកម្មស្រូវនៅប្រទេសវៀតណាម កំពុងជួបបញ្ហាដូចគ្នាដែរ។

លោក បូ រី កសិករធ្វើស្រែម្នាក់នៅខេត្តតាកែវ បានលើកឡើងថា ការប្រមូលផលស្រូវលក់នៅរដូវកាលនេះហាក់ធ្លាក់ថ្លៃខ្លាំងជាងរដូវកាលមុន ដោយស្រូវអូអឹមប្រភេទបាយទន់អាចលក់បានក្នុងតម្លៃ៧៨០រៀលក្នុង១គីឡូក្រាម ខណៈកាលពីមុនអាចលក់បាន៨៥០រៀលក្នុង១គីឡូក្រាម ហើយបើស្រូវអូអឹម ប្រភេទបាយរឹងមានតម្លៃទាបជាងនេះ។ កសិកររូបនេះរអ៊ូថា ប្រសិនបើការប្រមូលផលស្រូវនៅតែប្រឈមនឹងការលក់ខាត លោកនឹងសម្រេចចិត្តចំណាកស្រុកទៅធ្វើការក្រៅប្រទេស ដើម្បីរកថវិកាមកផ្គត់ផ្គង់ការសិក្សារបស់កូនលោក។ តែយ៉ាងណា លោក​ស្នើឱ្យក្រសួងស្ថាប័នជួយស្វែងរកទីផ្សារស្រូវ ដែលអាចលក់បានក្នុងតម្លៃសមរម្យ គ្រាន់ទទួលបានប្រាក់ចំណេញខ្លះសម្រាប់ផ្គត់ផ្គង់ការចំណាយ។

​ដោយឡែក លោក វង្ស វិ កសិករធ្វើស្រែម្នាក់នៅខេត្តព្រៃវែង បានលើកឡើងថា ស្រូវប្រភេទអូអឹម នៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃ៧៣០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយមិនអាចផ្ដល់ប្រាក់ចំណេញដល់រូបលោក និងកសិករឯទៀតបាននោះទេ។ បើតាមការអះអាងរបស់កសិកររូបនេះ ​លុះណាតែតម្លៃស្រូវអូអឹម អាចហក់ឡើងដល់ចន្លោះ៩០០រៀលទៅ១,០០០រៀលក្នុងមួយគីឡូក្រាមទើបអាចផ្តល់ប្រាក់ចំណេញដល់កសិករ។

​ជាមួយគ្នានេះ កសិករធ្វើស្រែម្នាក់នៅខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ពេលចាប់ផ្តើមធ្វើស្រែលោករំពឹងថា ក្រោយចំណាយប្រាក់លើជីកសិកម្ម ដើម្បីបង្កបង្កើនទិន្នផលស្រូវឱ្យបានល្អប្រសើរ នោះស្រូវនឹងលក់បានក្នុងតម្លៃមួយខ្ពស់។ ប៉ុន្តែវាហាក់ផ្ទុយពីអ្វីដែលលោកបានរំពឹងទុក ក្រោយតម្លៃស្រូវបច្ចុប្បន្នអាចលក់បានក្នុងតម្លៃទាបមួយដែលមិនអាចផ្តល់ប្រាក់ចំណេញដល់រូបលោក។ ទន្ទឹមនឹងនេះលោកស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារ និងអន្តរាគមន៍លើបញ្ហានេះ។

​តែយ៉ាងណាបើតាមការអះអាងរបស់លោក ឃឹម មឿន ឈ្មួញកណ្ដាលប្រមូលទិញស្រូវពីកសិករនាំយកទៅលក់ឱ្យឈ្មួញធំនៅវៀតណាម បច្ចុប្បន្នស្រូវអូអឹម ត្រូវបានលោកប្រមូលទិញពីកសិករក្នុងតម្លៃចន្លោះពី៧៨០រៀលដល់៨០០រៀលក្នុង១គីឡូក្រាម។ ឈ្មួញកណ្តាលរូបនេះបានបន្តថា ការប្រែប្រួលតម្លៃស្រូវវាអាស្រ័យលើការកំណត់របស់ឈ្មួញវៀតណាម ហើយសម្រាប់លោកផ្ទាល់ក៏យល់ថា តម្លៃស្រូវនៅឆ្នាំនេះទាបជាងឆ្នាំមុនផងដែរ ដោយសារវៀតណាម កាត់បន្ថយការទិញស្របពេលការផលិតស្រូវរបស់វៀតណាម មានចំនួនច្រើន។

​បើតាមការលើកឡើងរបស់ក្រុមកសិករក្រៅពីការធ្វើស្រែ ពួកគេមិនអាចធ្វើអ្វីផ្សេងនោះទេ ដោយសារមិនមានជំនាញគ្រប់គ្រាន់។ ជាមួយគ្នានេះពួកគេដង្ហោយឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាទីផ្សារស្រូវដល់ពួកគេ បើមិនដូច្នោះពួកគេអាចប្រឈមនឹងការខាត ដោយសារការចំណាយលើថ្លៃជីថ្នាំមានការកើនឡើងនៅឆ្នាំនេះ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


Metfone Stars រដូវកាលទី 2 ផ្ទុះអ្នកទស្សនា 150 លានដង បន្ទាប់ពីចាប់ផ្តើមជាង 5 សប្តាហ៍

ត្រឹមតែជាង 5 សប្តាហ៍ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង Metfone Stars រដូវកាលទី 2 បានឈានដល់ចំណុចសំខាន់នៃការទស្សនាចំនួន 150 លានដងនៅលើ…

អាម៉េរិក កំណត់ពន្ធបដិការថ្មីលើប្រទេសជាដៃគូពាណិជ្ជកម្មចំនួន១៤ រួមទាំងជប៉ុន កូរ៉េខាងត្បូង និងកម្ពុជា ប៉ុន្ដែមិនទាន់មានឈ្មោះសហភាពអឺរ៉ុប តើមកពីមូលហេតុអ្វី?

សហរដ្ឋអាម៉េរិក បានកំណត់ពន្ធគយបដិការថ្មីជាផ្លូវការលើប្រទេសជាដៃគូពាណិជ្ជកម្មចំនួន១៤ រួមមានមីយ៉ាន់ម៉ា ថៃ ឡាវ ស៊ែរប៊ី បង់ក្លាដែស ឥណ្ឌូនេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ