វិស័យថាមពល

កូរ៉េខាងត្បូងនឹងរឹតបន្តឹងការប្រើរថយន្តឯកជនទូទាំងប្រទេស បើតម្លៃប្រេងនៅតែបន្តហក់ឡើងឥតឈប់


រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងពិចារណាពង្រីកវិធានការរឹតបន្តឹងការប្រើប្រាស់រថយន្តឯកជននៅទូទាំងប្រទេស ប្រសិនបើតម្លៃប្រេងសកលនៅតែបន្តហក់ឡើងមិនឈប់។ ការត្រៀមលក្ខណៈនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងសន្តិសុខថាមពលជាតិ ចំពេលដែលខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងកំពុងជួបហានិភ័យខ្ពស់ ដោយសារតែភាពតានតឹង នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
វិស័យថាមពល
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក គូ យុនឆូល (Koo Yun-cheol) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានថ្លែងកាលពីថ្ងៃទី២៩ ខែមីនា ថា រដ្ឋាភិបាលអាចនឹងដាក់ចេញវិធានការរឹតបន្តឹងការធ្វើដំណើរតាមរថយន្តឯកជន ប្រសិនបើតម្លៃប្រេងឆៅហក់ឡើងដល់កម្រិត១២០ទៅ១៣០ដុល្លារក្នុងមួយបារ៉ែល។ ប្រសិនបើវិធានការនេះត្រូវបានអនុវត្ត វានឹងក្លាយជាការរឹតបន្តឹងការប្រើប្រាស់រថយន្តជាលក្ខណៈទូទាំងប្រទេសលើកដំបូងបង្អស់ ចាប់តាំងពីសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១ ដែលកាលនោះកូរ៉េខាងត្បូង បានប្រើប្រាស់ប្រព័ន្ធផ្លាស់វេនគ្នាប្រើរថយន្តរៀងរាល់១០ថ្ងៃម្ដង ដើម្បីសន្សំសំចៃថាមពល។

មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់នៅក្នុងកិច្ចសម្ភាស​ជាមួយទូរទស្សន៍ក្នុងតំបន់ថា ប្រសិនបើស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ កម្រិតប្រកាសអាសន្ន នៃវិបត្តិថាមពលនឹងត្រូវដំឡើងដល់កម្រិតទី៣ (ក្នុងចំណោម៤កម្រិត) ដែលជាចំណុចតម្រូវឱ្យមានការទប់ស្កាត់ការប្រើប្រាស់ថាមពលជាកំហិត។

ជាមួយគ្នានេះ ក្រុមអ្នកនយោបាយជាន់ខ្ពស់ និងសមាជិកសភាជាច្រើនរូប បានចាប់ផ្តើមយុទ្ធនាការលើបណ្តាញសង្គម ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងជិះកង់ជំនួសវិញ ដើម្បីចូលរួមសន្សំសំចៃថាមពលជាតិក្នុងគ្រាអាសន្ន។

គួររំលឹកថា កូរ៉េខាងត្បូង គឺជាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឆៅ ដោយក្នុងនោះប្រមាណ៧០% នៃតម្រូវការសរុប គឺនាំចូលពីតំបន់មជ្ឈិមបូព៌ា។ កត្តានេះធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីខាងកើតមួយនេះ ប្រឈមនឹងភាពរង្គោះរង្គើខ្លាំងបំផុត នៅពេលណា ដែលមានការប្រែប្រួលតម្លៃ ឬការជាប់គាំងការផ្គត់ផ្គង់ប្រេងចេញពីតំបន់មជ្ឈិមបូព៌ា៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


វិបត្តិសេដ្ឋកិច្ចសកលកំពុងឈានចូលកម្រិតគ្រោះថ្នាក់ ខណៈពន្លឺសន្តិភាពនៅមជ្ឈិមបូព៌ានៅតែស្រអាប់

ការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែលលើគោលដៅនានា ក្នុងប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដែលធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ