កូរ៉េខាងជើង

ចារកម្មកូរ៉េខាងត្បូង បានទម្លាយថា លោក គីម ជុងអ៊ុន កំពុងត្រួសត្រាយផ្លូវឱ្យកូនស្រីខ្លួនឱ្យឡើងស្នងតំណែង


មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងត្រួសត្រាយផ្លូវឱ្យកូនស្រីបង្កើតរបស់ខ្លួន គឺកញ្ញា គីម ជូអ៊ែ (Kim Ju-ae) ឡើងស្នងតំណែងបន្តពីលោក។ បើយោងតាមទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បច្ចុប្បន្នយុវតីវ័យ១៣ឆ្នាំរូបនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាស្វែងយល់ពីកិច្ចការនយោបាយ និងយុទ្ធសាស្ត្រដឹកនាំរដ្ឋពីឪពុករបស់ខ្លួនយ៉ាងយកចិត្តទុកដាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន?
កូរ៉េខាងជើង
ដោយ

អង្គភាពចារកម្មកូរ៉េខាងត្បូង (NIS) កំពុងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពរបស់កញ្ញា គីម ជូអ៊ែ ជាពិសេសលទ្ធភាពនៃការបង្ហាញខ្លួនក្នុងកិច្ចប្រជុំសំខាន់ៗរបស់គណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច។ សំណួរសំខាន់ដែលអ្នកវិភាគកំពុងជជែកគ្នា ថាតើកូនស្រីរបស់លោក គីម ជុងអ៊ុន នឹងបង្ហាញខ្លួនក្នុងកិច្ចប្រជុំរបស់គណបក្សពលករក្នុងឋានៈជាអ្វី ហើយថាតើនឹងមានការតែងតាំងតំណែងផ្លូវការណាមួយសម្រាប់នាងនាំពេលឆាប់ៗនេះដែរ ឬទេ?

លោក លី សុងក្វេន (Lee Seong-kweun) សមាជិកសភាកូរ៉េខាងត្បូង បានទម្លាយបន្ទាប់ពីបានស្តាប់របាយការណ៍សម្ងាត់ពីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងថា ពីមុនឡើយកញ្ញា គីម ជូអ៊ែ ត្រូវបានគេមើលឃើញថា គ្រាន់តែជាអ្នករៀនសូត្រពីការងារ ប៉ុន្តែពេលនេះ នាងកំពុងស្ថិតក្នុងដំណាក់កាល នៃការផ្តល់ឋានជាអ្នកស្នងតំណែងផ្ទៃក្នុងស្រេចទៅហើយ។

កញ្ញា គីម ជូអ៊ែ ដែលស្ថិតក្នុងវ័យ១៣ឆ្នាំ បានបង្ហាញខ្លួនកាន់តែញឹកញាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង។ នាងតែងតែអមដំណើរឪពុកទៅកាន់ទីតាំងយុទ្ធសាស្ត្រសំខាន់ៗរួមទាំងការចុះត្រួតពិនិត្យឃ្លាំងអាវុធ និងការបង្ហោះមីស៊ីល ដែលសកម្មភាពទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញថា នាងកំពុងត្រូវបានបណ្តុះបណ្តាលឱ្យក្លាយជាមេដឹកនាំជំនាន់ទី៤ នៃរបបកុម្មុយនីស្តគ្រួសារនិយមមួយនេះ។

របាយការណ៍ចារកម្មកូរ៉េខាងត្បូង ក៏បានផ្ដល់ព័ត៌មានលម្អិតអំពីគ្រួសារត្រកូលគីមថា លោក គីម ជុងអ៊ុន មានកូនចំនួន៣នាក់ ដោយកញ្ញា គីម ជូអ៊ែ ជាកូនទី២ ខណៈបងប្រុសច្បងរបស់នាងត្រូវបានគេរាយការណ៍ថា មានបញ្ហាសុខភាពផ្លូវចិត្ត ឬសតិស្មារតីមិនអំណោយផល ដែលជាហេតុធ្វើឱ្យឪពុកងាកមកសម្លឹងលើកញ្ញា គីម ជូអ៊ែ ជំនួសវិញ។

បច្ចុប្បន្នយុវតី ជូអ៊ែ កំពុងសិក្សានៅវិទ្យាល័យក្នុងទីក្រុងព្យុងយ៉ាង ហើយនៅពេលទំនេរនាងតែងតែចំណាយពេលសម្រាកលម្ហែកាយនៅភូមិគ្រឹះជាប់មាត់សមុទ្រក្នុងក្រុងវ៉ុនសាន។ ក្រៅពីកិច្ចការរដ្ឋ នាងត្រូវបានគេដឹងថា មានចំណង់ចំណូលចិត្តខាងកីឡាហែលទឹក ជិះស្គី ជាពិសេសនាងជាអ្នកជិះសេះដ៏ពូកែ ដែលជាចំណុចមួយធ្វើឱ្យលោក គីម ជុងអ៊ុន ពេញចិត្ត និងស្រឡាញ់នាងខ្លាំងបំផុត៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ប្រទេសនៅអឺរ៉ុបមួយចំនួនកំពុងងាកចេញពីកោះតៃវ៉ាន់ ដើម្បីស្តារទំនាក់ទំនងជាមួយចិន

បណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន ដែលធ្លាប់ពង្រឹងសម្ពន្ធភាពយ៉ាងជិតស្និទ្ធជាមួយកោះតៃវ៉ាន់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងប្រឈមនឹងរបត់ថ្មីមួយ ដោយ…

អាម៉េរិក និងតៃវ៉ាន់ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលកំពុងទាក់ទាញការរិះគន់ពីចិន

ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់ ត្រូវបានដោះស្រាយហើយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ព្រមបញ្ចុះពន្ធគយលើតៃវ៉ាន់ មកនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ