វិស័យអចលនទ្រព្យ

តើអាកាសយានដ្ឋានអន្តរជាតិ តេជោ និងគម្រោងព្រែកជីកហ្វូណន តេជោ អាចជួយកែប្រែមុខមាត់តំបន់ភាគខាងត្បូងក្នុងរយៈពេល៥ឆ្នាំខាងមុខយ៉ាងណាដែរ?


តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ បានក្លាយជាទីតាំងអភិវឌ្ឍន៍ប្រកបដោយសក្ដានុពលនិងកំពុងទទួលបានការទាក់ទាញយ៉ាងខ្លាំង។ ជាក់ស្ដែងអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានតម្លៃប្រមាណ២ពាន់លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន។ ក្រៅពីអាកាសយានដ្ឋាននេះ កម្ពុជា ក៏កំពុងឈានទៅអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណន តេជោ តម្លៃជិត២ពាន់លានដុល្លារ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ដែលរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨។
វិស័យអចលនទ្រព្យ
ដោយ

ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ជឿជាក់ថា តាមរយៈវត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិ តេជោ និងគម្រោងព្រែកជីកហ្វូណន តេជោ វានឹងធ្វើឱ្យវិស័យអចលនទ្រព្យ និងការអភិវឌ្ឍនៅភាគខាងត្បូងរាជធានីភ្នំពេញ មានការផ្លាស់ប្តូរមុខមាត់ថ្មីនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ បច្ចុប្បន្នតម្លៃអចលនទ្រព្យនៅតំបន់ព្រលានយន្តហោះអន្តរជាតិ តេជោ នៅពុំទាន់ឡើងថ្លៃខ្លាំងនៅឡើយទេ។

​ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ច សង្កេតឃើញថា មកដល់ពេលនេះ វិស័យអចលនទ្រព្យនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ហាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដោយសារតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាអាកាសយានដ្ឋានអន្តរជាតិ តេជោ និងគម្រោងព្រែកជីកហ្វូណន តេជោ។ ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ វិស័យអចលនទ្រព្យនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនឹងបន្តមានការរីកចម្រើន ដ្បិតទីតាំងខាងលើ គឺជាគោលដៅយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់កម្ពុជា នាថ្ងៃអនាគត។

​ដោយឡែក លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយ វិស័យអចលនទ្រព្យនៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ មានសញ្ញាវិជ្ជមានជាបណ្ដើរៗហើយ ដោយសារតំបន់នេះ មានការប្រមូលផ្ដុំដោយគម្រោងធំៗជាច្រើន។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ ជឿជាក់ថា តាមរយៈអាកាសយានដ្ឋានអន្តរជាតិ តេជោ វានឹងធ្វើឱ្យវិស័យអចលនទ្រព្យ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ មានការរីកដុះដាលកាន់តែខ្លាំងនៅប៉ុន្មានឆ្នាំខាងមុខនេះ។

​ជាមួយគ្នានេះ លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា មកដល់ពេលនេះ អ្នកវិនិយោគនានា កំពុងចាប់អារម្មណ៍ខ្លាំងនៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់អាកាសយានដ្ឋានអន្តរជាតិ តេជោ និងគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណន តេជោ។ បើតាមអ្នកជំនាញរូបនេះ អចលនទ្រព្យនៅក្នុងតំបន់ខាងលើនឹងមានការឡើងថ្លៃចន្លោះពី២ទៅ៣ឆ្នាំខាងមុខ។

​សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលចំណាយទុនសាងសង់ប្រមាណ២ពាន់លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរកាលពីថ្ងៃទី៩ ខែកញ្ញា ដោយរំពឹងថា វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការស្រូបទាញអ្នកទេសចរ និងវិនិយោគ។ ជាមួយគ្នានេះ គម្រោងព្រែកជីកហ្វូណន តេជោ ដែលមានតម្លៃជិត២ពាន់លានដុល្លារ កំពុងស្ថិតក្នុងដំណើរការសាងសង់ ដោយរំពឹងថា នឹងរួចរាល់នៅឆ្នាំ២០២៨៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើកម្ពុជា គួររក្សាព្រលានយន្តហោះពោធិ៍ចិនតុង ទុកទម្រង់ដើម ឬអភិវឌ្ឍន៍ធ្វើអ្វីផ្សេង ដែលអាចបម្រើឱ្យផលប្រយោជន៍សាធារណៈ និងសេដ្ឋកិច្ច?

ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានបិទដំណើរការជាស្ថាពរចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ បន្ទាប់ពីបានបើកប្…

និយ័តករបរធនបាលកិច្ច និងសាកលវិទ្យាល័យ Yonsei នៃសាធារណរដ្ឋកូរ៉េ បានសហការរៀបចំសិក្ខាសាលា ស្ដីពី “ហិរញ្ញប្បទានបង្កើតថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”

នារសៀលថ្ងៃពុធទី១០ ខែកញ្ញា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យ Yonsei University នៃសាធារណរដ្ឋកូរ៉េ បានសហការរៀបច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ