នេះប្រៀបដូចជាការបកស្បែកមុខរបស់យោធាឈ្លានពានរបស់ថៃ ដែលបាននិងកំពុងវាយប្រហារចូលទឹកដីកម្ពុជា ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសម្បែងពលរដ្ឋស៊ីវិលជាច្រើនផងដែរ។
ក្រោយពីក្រសួងការបរទេសឥណ្ឌាកាលពីថ្ងៃទី ២៤ ខែធ្នូ បានចេញប្រកាសជាផ្លូវការថ្កោលទោសចំពោះទង្វើគ្មានការគោរពចំពោះសាសនា របស់យោធាថៃរួចមកមក រដ្ឋាភិបាលក្រុងបាងកកក៏បានចេញមកថ្លែងការពារកងទ័ពរបស់ខ្លួន ចំពោះករណីរុះរើរូបសំណាកព្រះវិស្ណុ នៃសាសនាហិណ្ឌូ នៅតំបន់អានសេះ តាមបណ្តោយព្រំដែនកម្ពុជា ថា សកម្មភាពនេះធ្វើឡើងដើម្បីបញ្ជាក់ពីការគ្រប់គ្រងរបស់ខ្លួនលើតំបន់ព្រំដែនដែលមានជម្លោះប៉ុណ្ណោះ។ ប៉ុន្ដែ អ្វីដែលធ្វើឱ្យថៃអាម៉ាស់មុខចំពោះអន្តរជាតិខ្លាំងបំផុតនោះ គឺប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ បានបញ្ជាក់ថា ទិន្នន័យនៅលើ Google Maps បានបញ្ជាក់យ៉ាងច្បាស់ថា រូបសំណាកនោះស្ថិតនៅជ្រៅក្នុងទឹកដីនៃប្រទេសកម្ពុជា។
ទោះបីជាមានការថ្កោលទោសពីក្រសួងការបរទេសឥណ្ឌាយ៉ាងណាក្ដី នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អនុទីន ឆានវីរៈគុល បានបោះពាក្យសម្ដីដោយគ្មានកោតក្រែងថា «រូបសំណាកដែលត្រូវបានបំផ្លាញនេះ គឺគ្មានអ្វីអាចប្រៀបធៀបជាមួយជីវិត ឬអវយវៈរបស់ទាហានថៃ ដែលបានបាត់បង់នោះឡើយ»។
បើតាមមន្ត្រីកម្ពុជាអ្នកនាំពាក្យខេត្តព្រះវិហារបានគូសបញ្ជាក់ថា រូបសំណាកព្រះវិស្ណុនោះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៤ នៅក្នុងទឹកដីកម្ពុជា ហើយត្រូវបានយោធាថៃរុះរើឈូសកម្ទេចកាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ។
នៅពេលនេះ មិនមែនតែក្រសួងការបរទេសឥណ្ឌាទេ ដែលចេញមកចង្អុលមុខថៃចំៗ ចំពោះទង្វើទមិឡ មិនគោរពឱ្យតម្លៃ សាសនាដទៃនេះ ប្រជាជនឥណ្ឌា និងប្រជាជនប្រទេសផ្សេងទៀត ដែលមានកាន់សាសនាហិណ្ឌូ ក៏បានសម្ដែងការខឹងសម្បារចំពោះទង្វើរបស់យោធាថៃនេះដែរ ដោយអ្នកខ្លះ បានប្រកាសនៅលើបណ្ដាញសង្គមថា នឹងពហិកា ចំពោះការធ្វើដំណើរកម្សាន្ដទៅកាន់ប្រទេសថៃផងដែរ៕