លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ប្រព័ន្ធធនាគារកម្ពុជាក្នុងឆ្នាំ២០២៥ នៅតែរក្សាបានភាពធន់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រសេដ្ឋកិច្ច បើទោះបីស្ថិតក្នុងបរិការណ៍ប្រឈមទាំងខាងក្នុង និងខាងក្រៅក៏ដោយ។ បើយោងតាមទិន្នន័យ ឥណទានដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗក្នុងអត្រា៤,១% ជាមួយទំហំទឹកប្រាក់ជាង៦៣ពាន់លានដុល្លារ ដែលរួមចំណែកគាំទ្រដោយកំណើនតម្រូវការទុន នៃសហគ្រាស SMEs ក្នុងការពង្រីកអាជីវកម្ម។ ដោយឡែកប្រាក់បញ្ញើបានបន្តកើនឡើងល្អក្នុងអត្រា១៤,៧% ជាមួយទឹកប្រាក់ជាង៦៥ពាន់លានដុល្លារ។
ទោះជាយ៉ាងណាឥណទានមិនដំណើរការ (NPL) បានកើនដល់៨,៩% បើធៀបនឹង៧,៤% កាលពីឆ្នាំ២០២៤។ ដើម្បីដោះស្រាយបញ្ហានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់៥,៣ពាន់លានដុល្លារសម្រាប់អតិថិជនជាង២៥ម៉ឺននាក់។ ជារួមថ្នាក់ដឹកធនាគារជាតិនៃកម្ពុជា បានវាយតម្លៃថា ប្រព័ន្ធធនាគារជារួមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងហានិភ័យផ្សេងៗ ទោះក្នុងសេណារីយ៉ូដែលមិនដំណើរការកើនឡើងខ្លាំងក៏ដោយ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា នៅតែរក្សាបានភាពល្អប្រសើរកាលពីឆ្នាំមុន បើទោះជាវិស័យលក់រាយកំពុងជួបបញ្ហាប្រឈមដោយសារការធ្លាក់ចុះនៃការចាយវាយរបស់ពលរដ្ឋ ដែលកត្តានេះជំរុញឱ្យអត្រាប្រាក់បញ្ញើមានកំណើនខ្ពស់។ ម្យ៉ាងវិញទៀតទំហំឥណទានមានកំណើនយឺតត្រឹមប្រមាណ៤% ត្រូវបានអ្នកជំនាញរូបនេះអះអាងថា ទំនងមកពីការស្នើសុំឥណទានថ្មីរបស់វិនិយោគិនមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារភាពមិនប្រាកដប្រជាសកល។
យ៉ាងណាមិញធនាគារជាតិនៃកម្ពុជា បានព្រមានថា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា បន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ដោយសារកត្តាខាងក្រៅ ប្រព័ន្ធធនាគារកម្ពុជា ក៏បានទទួលរងផលប៉ះពាល់ដោយប្រយោលមួយចំនួន ជាពិសសការរីករាលដាល នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាចបង្កជាហានិភ័យកេរ្តិ៍ឈ្មោះ និងបង្កើនលទ្ធភាពឱ្យកម្ពុជាចូលទៅក្នុងបញ្ជីប្រផេះម្ដងទៀត ដែលអាចនាំឱ្យប៉ះពាល់ដល់ជំនឿទំនុកចិត្តចំពោះការវិនិយោគបរទេស និងការធ្វើប្រតិបត្តិការធនាគារ ជាពិសេសការទូទាត់ឆ្លងដែន។ ដើម្បីរក្សាបានភាពធន់ និងបង្ការហានិភ័យ ធនាគារជាតិនៃកម្ពុជា បានបន្តយកចិត្តទុកដាក់និងពង្រឹងលើការតាមដាន និងវាយតម្លៃហានិភ័យ និងភាពងាយរងគ្រោះជាប្រព័ន្ធ តាមរយៈការរៀបចំប្រព័ន្ធសូចនាករព្រមាន ការធ្វើស្ត្រេសតេស្ត ការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្អែកលើហានិភ័យ និងទស្សនអនាគត៕