
លោក ហួង មិញ (Hoang Minh) អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ដែលបានប្រកាសពីផែនការរៀបចំ Platform ជួយដូរភាគហ៊ុនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗកាលពីខែកក្កដា កន្លងទៅ បានអះអាងថា ការរៀបចំ Platform នេះវាជាផ្នែកមួយនៃការអនុវត្តស្របតាមច្បាប់ទើបអនុម័តថ្មី ស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ហើយគំនិតផ្តួចផ្តើមនេះ ក៏ស្ថិតក្នុងគោលនយោបាយរបស់ការិយាល័យនយោបាយវៀតណាម ដើម្បីជំរុញប្រទេសនេះឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។
ជាមួយគ្នានេះ ក្រសួងនេះ ក៏កំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងគោលការណ៍លើកទឹកចិត្ត និងអនុគ្រោះសំដៅដើម្បីទាក់ទាញសហគ្រាសបច្ចេកវិទ្យាថ្មីៗនៅវៀតណាម ឱ្យចូលក្នុងផ្សារភាគហ៊ុន ដើម្បីអាចងាយស្រួលកៀរគរគម្រោងវិនិយោគ មូលនិធិបណ្តាក់ទុនជាតិ ឬមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសាជីវកម្ម ដើម្បីប្រែក្លាយវៀតណាមទៅជារដ្ឋ ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើបច្ចេកវិទ្យា។
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ប្រសិនបើការងារនេះដំណើរការទៅមុខ នោះបណ្តាអាជីវកម្មបច្ចេកវិទ្យាថ្មីៗនៅវៀតណាម អាចកាន់តែមានឱកាសក្នុងការអភិវឌ្ឈន៍ខ្លួនបន្ថែមទៀត។ មកដល់ពេលនេះ វៀតណាម មានអាជីវកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីចំនួន១១ប្រភេទ ដោយមានសហគ្រាសចុះបញ្ជីសរុបដល់ទៅជាង៤,០០០ជាមួយទុនវិនិយោគសរុបជាង១០០លានដុល្លារ៕
ដោយៈ សរ សុជាតិ