លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា នៅពេលដែលប្រទេសថៃ កំពុងជួបវិបត្តិនយោបាយផ្ទៃក្នុង ពួកគេតែងតែយកបញ្ហាព្រំដែនជាមួយកម្ពុជា ធ្វើជាឈ្នាន់ដើម្បីបង្វែរដាន និងកេងចំណេញផលប្រយោជន៍នយោបាយ។ ដើម្បីឱ្យកម្ពុជាចៀសផុតពីបញ្ហានេះ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា ត្រូវតែកែទម្រង់ឱ្យបានស៊ីជម្រៅជុំវិញវិស័យការពារជាតិ ជាពិសេសប្រព័ន្ធការពារដែនអាកាស និងត្រូវបង្កើនសមត្ថភាពកងទ័ពជើងគោក ជើងទឹក និងអាកាសឱ្យកាន់តែទំនើប។ លើសពីនេះត្រូវធ្វើកំណែទម្រង់គ្រប់វិស័យ និងពង្រីងយុត្តិធម៌សង្គម ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដែលជាខែលការពារដ៏រឹងមាំបំផុតក្នុងការប្រឆាំងនឹងការប្រមាថពីជាតិសាសន៍ដទៃ។
ស្រដៀងគ្នានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានលើកឡើងថា កម្ពុជា ត្រូវតែសម្រួចចំណុចស្នូលឱ្យបានឆាប់បំផុត ដើម្បីចៀសវាងប្រទេសជិតខាងយកធ្វើជាឈ្នាន់នយោបាយបន្តទៀត តាមរយៈជំរុញការកសាងភាពធន់ផ្ទៃក្នុង រួមមាន សេដ្ឋកិច្ច និងសាមគ្គីភាពជាតិ។ បន្ថែមលើនេះត្រូវពង្រឹងវិស័យការពារជាតិ និងពង្រីកការចងសម្ពន្ធមិត្តជាមួយបរទេសឱ្យបានច្រើន ក៏ជារឿងចាំបាច់សម្រាប់កម្ពុជា ត្រូវធ្វើផងដែរ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជា មិនអាចកសាងខ្លួនឱ្យមានភាពខ្លាំងទេ នោះកម្ពុជានឹងក្លាយជាទីលានសម្រាប់ការប្រកួតអំណាចគ្នារបស់ប្រទេសដទៃ ដែលអាចប្រឈមនឹងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ។
ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា កម្ពុជា គួរតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីឱ្យពិភពលោកដឹងឮ និងទទួលស្គាល់នូវអំពើឈ្លានពានរបស់ថៃ រួមទាំងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិ ផងដែរ។ លោក ក៏បានលើកទឹកចិត្តឱ្យមានចលនាពហិការផលិតផលថៃ ឱ្យកាន់តែខ្លាំងក្លា និងជំរុញឱ្យកម្ពុជាពិចារណាចូលរួមក្នុងប្លុកសេដ្ឋកិច្ចថ្មីៗដូចជា ក្រុមប្រទេស BRICS ដើម្បីពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងការពារអធិបតេយ្យភាព។
គួរបញ្ជាក់ថា វៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា កំពុងរៀបចំផែនការធ្វើកំណែទម្រង់រដ្ឋបាលស៊ីជម្រៅបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ តាមរយៈការរំលាយក្រសួង ទីភ្នាក់ងាររដ្ឋាភិបាល និងស្ថានីយទូរទស្សន៍រដ្ឋ ដើម្បីកាត់បន្ថយបុគ្គលិករដ្ឋចំនួន២០% នៅត្រឹមឆ្នាំ២០៣០ ក៏ដូចជាដើម្បីជំរុញសេដ្ឋកិច្ច លើកកម្ពស់ប្រសិទ្ធភាព និងកាត់បន្ថយភាពយឺតយ៉ាវក្នុងការអនុម័តគម្រោងវិនិយោគ ដើម្បីឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៤៥៕
អត្ថបទ៖ ជា ម៉ារ៉ា