ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរី ឡុងនី កត់សម្គាល់ឃើញថា ក្រោយយោធាថៃ បានឈ្លានពានកម្ពុជា ទាំងកម្រោលជាបន្តបន្ទាប់ បានធ្វើឱ្យពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន ខណៈផលិតផលថៃ ពុំបានជះឥទ្ធិពលធ្ងន់ធ្ងរដល់សកម្មភាពប្រើប្រាស់ប្រចាំថ្ងៃនោះទេ តែផ្ទុយទៅវិញបញ្ហានេះ បានធ្វើឱ្យអាជីវកម្មនៅកម្ពុជាមានការរីកចម្រើនជាងមុនគួរឱ្យកត់សម្គាល់។ អ្នកជំនួញរូបនេះយល់ថា ស្ថិតក្នុងស្ថានភាពនេះសហគ្រិនខ្មែរនានា ត្រូវខិតខំពង្រឹងអាជីវកម្មរបស់ខ្លួន ដោយព្យាយាមរករបកគំហើញថ្មីៗ និងកុំធ្វើអាជីវកម្មតាមគេ ហើយម្យ៉ាងទៀត ក៏ពុំគួរធ្វើអាជីវកម្មប៉ែងជើងគ្នា តែត្រូវរួមសាមគ្គីគ្នា និងប្រើប្រាស់ធនធានទៅតាមជំនាញ និងផ្នែកនីមួយៗ ទើបធ្វើឱ្យអាជីវកម្មរីកចម្រើន និងអាចជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិបានយូរអង្វែង។
ឧកញ៉ា កែវ បូណ៌ភិរក្ស ជឿជាក់ថា តាមរយៈជម្លោះព្រំដែនរវាងកម្ពុជា និងថៃនេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកបានយូរអង្វែង ខណៈផលិតផលថៃនឹងបាត់ពីទីផ្សារកម្ពុជា បន្តិចម្ដងៗ។ តែយ៉ាងណាអ្នកជំនួញរូបនេះយល់ថា ស្ថិតក្នុងស្ថានភាពនេះ ក្រុមហ៊ុន សហគ្រាសនានាត្រូវត្រៀមធនធានមនុស្ស ពង្រឹងហិរញ្ញវត្ថុ និងការរៀបចំរចនាសម្ព័ន្ធដឹកនាំឱ្យបានច្បាស់លាស់ ដើម្បីជំរុញការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ខ្លួន។
មកទល់ពេលនេះ ការធ្វើពហិការលើផលិតផលថៃ របស់ពលរដ្ឋខ្មែរ មានភាពផុសផុលគួរឱ្យកត់សម្គាល់ ក្រោយទាហានថៃ បានឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា ម្តងហើយម្តងទៀត។ ជាក់ស្ដែងការនាំចូលពីថៃ មកកម្ពុជា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ មានទំហំជាង២ពាន់៥រយលានដុល្លារ មានការធ្លាក់ចុះជិត៩%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕
អត្ថបទ៖ បូ ដូឡា