ក្រុមមន្ត្រីអាម៉េរិក បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងផ្អាកការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាម៉េរិក និងផ្អាកការរឹតបន្តឹងលើការនាំចេញរ៉ែកម្ររបស់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
សហរដ្ឋអាម៉េរិក បានបន្ទន់ជំហរជាងមុនជាមួយប្រទេសចិន ដោយបានផ្អាកការអនុវត្តពន្ធគយ១០០% ដែលត្រៀមចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ មុនជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅសប្ដាហ៍នេះ។ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent បានលើកឡើងថា ការចរចាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានដកចោលនូវការគំរាមយកពន្ធ១០០% របស់លោក ដូណាល់ ត្រាំ លើទំនិញនាំចូលរបស់ចិន ដែលគ្រោងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ។
លោក Scott Bessent ក៏បានលើកឡើងដែរថា ប្រទេសចិន ត្រូវបានរំពឹងថា នឹងពន្យារពេលអនុវត្តការរឹតបន្តឹងច្បាប់ផ្ដល់អាជ្ញាបណ្ណថ្មីរបស់ខ្លួនសម្រាប់ការនាំចេញរ៉ែកម្រ និងមេដែកឆក់រយៈពេលមួយឆ្នាំ។
ទោះជាយ៉ាងណា ក្រុមមន្ត្រីចិន បានផ្តល់ព័ត៌មានលម្អិតតិចតួចណាស់អំពីការចរចានេះ ហើយមិនបានធ្វើអត្ថាធិប្បាយលើលទ្ធផលនៃការចរចានេះទេ។ លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ត្រូវបានរំពឹងថា នឹងជួបគ្នានៅថ្ងៃទី៣១ ខែតុលា នៅឯកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅប្រទេសកូរ៉េខាងត្បូង ដើម្បីសម្រេចចុះកិច្ចព្រមព្រៀងនេះ។ សេតវិមានបានបញ្ជាក់ពីជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង តាមការគ្រោងទុកនេះ ប៉ុន្តែទីក្រុងប៉េកាំង មិនទាន់បានបញ្ជាក់នៅឡើយទេរហូតមកទល់ពេលនេះ៕
ដោយ: តែម សុខុម