
វិស័យអចលនទ្រព្យរបស់ចិន បានចាប់ផ្ដើមដាំក្បាលចុះ ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន Evergrande បានជួបវិបត្តិបំណុលរហូតដល់ទៅជាង ៣០០ពាន់លានដុល្លារអាម៉េរិក ដែលក្រោយមកបានរាលដាលពេញវិស័យអចលនទ្រព្យក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោកមួយនេះ។ ពេលនេះ ធនាគារស្វីស UBS ព្យាករថា វិបត្តិអចលនទ្រព្យរបស់ចិន នឹងបន្តអូសបន្លាយពេលវែងជាងការរំពឹងទុក។
លោក ចន ឡេម (John Lam) ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យចិន នៃធនាគារស្វីស UBS ធ្លាប់បានព្យាករថា តម្លៃលំនៅឋានក្នុងទីក្រុងធំៗរបស់ចិន នឹងមានស្ថិរភាពនៅដើមឆ្នាំ២០២៦។ ប៉ុន្តែពេលនេះ លោកបានព្យាករថា វិស័យអចលនទ្រព្យរបស់ចិន អាចនឹងងើបឡើងវិញនៅចន្លោះពាក់កណ្ដាល ឬ ចុងឆ្នាំ២០២៦ លុះត្រាតែប្រទេសចិន ដាក់ចេញវិធានការជួយគាំទ្រផ្នែកសេដ្ឋកិច្ចបន្ថែមទៀត។
លោក John Lam បានគូសបញ្ជាក់ថា សម្ទុះនៃការលក់លំនៅឋានក្នុងប្រទេសចិន បានធ្លាក់ចុះគួរកត់សម្គាល់នៅប៉ុន្មានខែចុងក្រោយនេះ ហើយថា ប្រសិនបើទំនោរ ឬនិន្នាការនេះនៅតែបន្ត នោះវិស័យអចលនទ្រព្យចិន អាចនឹងត្រូវការពេលវេលាយូរជាងការរំពឹងទុកទម្រាំនឹងងើបឡើងវិញ។
លោក John Lam មានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងដោយសារលោកធ្លាប់បានព្យាករយ៉ាងសុក្រឹតត្រឹមត្រូវអំពីបញ្ហារបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន Evergrande អំឡុងឆ្នាំ២០២១ ហើយក្រោយមក លោកក៏បានក្លាយជាអ្នកជំនាញលើទីផ្សារលំនៅឋានរបស់ប្រទេសចិន ដែលអ្នកជំនាញបែបនេះមានមិនច្រើននោះទេ៕
ដោយ: តែម សុខុម