ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានព្រមានថា ក្រុងប៉េកាំង កំពុងពន្លឿនផែនការបញ្ជូនកងទ័ពចូលឈ្លានពានដណ្តើមគ្រប់គ្រងកោះតៃវ៉ាន់ នៅឆ្នាំ២០២៧ ហើយជាការកត់សម្គាល់ មហាយក្សចិន បានបង្កើនការធ្វើសមយុទ្ធយោធាក្បែរៗកោះតៃវ៉ាន់។ លោកក៏បានចោទប្រកាន់ដែរថា ប្រទេសចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជ្រៀតចូលកិច្ចការនយោបាយរបស់កោះតៃវ៉ាន់ និងជះឥទ្ធិពលដល់សាធារណមតិ។
មេដឹកនាំកោះតៃវ៉ាន់ បានចាត់ទុកការដំឡើងសាច់ដុំយោធាយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងការបង្កហេតុកាន់តែខ្លាំងឡើងនៅច្រកសមុទ្រតៃវ៉ាន់ និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានធ្វើឱ្យស្ថានភាពសន្តិសុខរបស់កោះតៃវ៉ាន់ កាន់តែមានគ្រោះថ្នាក់។ កោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន បានបង្កើនការចំណាយលើវិស័យការពារជាតិ ៧,២% នៅឆ្នាំ២០២៥ ឈានដល់ប្រមាណ២៤៥ ពាន់លានដុល្លារអាម៉េរិក ដោយយោធូបករណ៍ជាច្រើនរួមមាន នាវាផ្ទុកយន្តហោះចម្បាំងជាដើម ត្រូវបានដាក់ពង្រាយនៅជិតច្រកសមុទ្រតៃវ៉ាន់។
មេដឹកនាំកោះតៃវ៉ាន់ រំពឹងថា តាមរយៈកញ្ចប់ថវិកាការពារជាតិថ្មីនេះនឹងជួយឱ្យកោះតៃវ៉ាន់ ត្រៀមខ្លួនប្រយុទ្ធយ៉ាងរឹងមាំនៅត្រឹមឆ្នាំ២០២៧។ ក្រុមអ្នកវិភាគនិយាយថា ចំណាត់ការនេះគឺដើម្បីបង្ហាញដល់ទីក្រុងវ៉ាស៊ីនតោន ថា កោះតៃវ៉ាន់ ពិតជាយកចិត្តទុកដាក់ក្នុងការជំរុញការការពារជាតិរបស់ខ្លួន ហើយនឹងទិញសព្វាវុធបន្ថែមទៀតពីសហរដ្ឋអាម៉េរិក។
សហរដ្ឋអាម៉េរិក បានស្វាគមន៍ចំពោះការប្រកាសនេះ ដោយនិយាយថា កោះតៃវ៉ាន់ ត្រូវការការពង្រឹងសមត្ថភាពយោធា ដើម្បីត្រៀមទប់ទល់នឹងការឈ្លានពានណាមួយ ដែលអាចកើតមានឡើង។ ប្រទេសចិន បានរិះគន់ផែនការរបស់កោះតៃវ៉ាន់ ដោយនិយាយថា គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ា់ន់ នឹងត្រូវបរាជ័យរលំរលាយ ប្រសិនបើខ្លួនស្វះស្វែងចង់បានឯករាជ្យតាមរយៈមធ្យោបាយយោធា។
ការប្រកាសនេះធ្វើឡើងចំពេលមានជម្លោះការទូតយ៉ាងខ្លាំងក្លារវាងប្រទេសចិន និងជប៉ុន ដោយសារការលើកឡើងដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ កាតាអ៊ិឈិ ជុំវិញបញ្ហាកោះតៃវ៉ាន់។ ហើយថ្មីៗនេះលោក ដូណាល់ ត្រាំ បាននិយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផង និងនិយាយជាមួយលោកស្រី សាណាអិ កាតាអ៊ិឈិ ផងដាច់ដោយឡែកពីគ្នា ក្រោយចិន និងជប៉ុន ផ្ទុះជម្លោះការទូត។ ក្រុមអ្នកវិភាគជឿថា លោក ស៊ី ជីនភីង ប្រហែលបានជំរុញឱ្យលោក ដូណាល់ ត្រាំ ជួយបញ្ចុះបញ្ចូលឱ្យប្រទេសជប៉ុន បន្ទន់ជំហររបស់ខ្លួនលើបញ្ហាកោះតៃវ៉ាន់៕
ដោយ: តែម សុខុម