អំឡុងពេលផ្ដល់បទសម្ភាសដល់កាសែតរបស់សហរដ្ឋអាម៉េរិក New York Times ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងទេ (Lai Ching-te) បាននិយាយគួរឱ្យភ្ញាក់ផ្អើលថា សេដ្ឋកិច្ចរបស់ប្រទេសចិន ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់ ហើយប្រធានាធិបតីចិនលោក ស៊ី ជីនពីង គួរតែផ្តោតលើការកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជនចិន ជាជាងផ្ដោតលើការឈ្លានពានប្រទេសដទៃ ដើម្បីពង្រីកទឹកដី។
មេដឹកនាំកោះតៃវ៉ាន់ រូបនេះ បានប្រាប់កាសែត New York Times ថា តាមការព្យាករសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ អាចនឹងសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់៧,៣% នៅឆ្នាំ២០២៥ បើធៀបនឹងកំណើនត្រឹមតែជាង៤% សម្រាប់សេដ្ឋកិច្ចចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ លោកបានបន្ថែមថា កោះតៃវ៉ាន់ មានឆន្ទៈជួយប្រទេសចិន ដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន ទាំងដែលប្រទេសចិន បានបង្កើនសម្ពាធយោធា និងនយោបាយលើកោះតៃវ៉ាន់។ ក្រុងប៉េកាំង តែងតែអះអះអាងថា កោះតៃវ៉ាន់ ជាទឹកដីមួយរបស់ចិន ប៉ុន្តែកោះតៃវ៉ាន់ ក៏តែងតែច្រានចោលការអះអាងនេះរហូតមកដែរ។
សូមបញ្ជាក់ថា បណ្ដាស្ថាប័នធំៗនៅទូទាំងពិភពលោកបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅឆ្នាំ២០២៥ នឹងសម្រេចបានកំណើនចន្លោះពី ៤,៥% ទៅ៥% ប៉ុន្តែក្រុមអ្នកវិភាគព្រមានអំពីអតុល្យភាព ដែលកំពុងបន្តកើតមានដូចជាតម្រូវការចុះខ្សោយ និងហានិភ័យនៃអតិផរណា ទោះបីជាមានការគាំទ្រផ្នែកគោលនយោបាយយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ សេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ កំពុងរីកចម្រើនខ្លាំងដោយសារតម្រូវការខ្ពស់លើបចច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដោយតាមការព្យាករថា កោះតៃវ៉ាន់ នឹងសម្រេចបានកំណើនសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងរយៈពេល១៥ឆ្នាំមកនេះ៕
ដោយ: តែម សុខុម