
ស្របពេលតម្លៃអង្ករនៅប្រទេសជប៉ុន កំពុងមានការកើនឡើងខ្ពស់ កោះតៃវ៉ាន់ បានបង្កើនការនាំចេញអង្ករទៅប្រទេសនេះយ៉ាងគំហុកនៅប៉ុនា្មនខែកន្លងមកនេះ ដើម្បីចាប់យកឱកាសមាសមួយនេះ។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មតៃវ៉ាន់ លោក ឈិន ជុនជី (Chen Junne-jih) តៃវ៉ាន់បាននាំចេញអង្ករទៅជប៉ុន បានជិត៨ពាន់តោន នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៥ មានការកើនឡើង៦ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ យ៉ាងណាមិញតៃវ៉ាន់រំពឹងថា ការនាំចេញអង្កររបស់ខ្លួនទៅជប៉ុននឹងកើនឡើងលើសពី១ម៉ឺនតោននៅពេញមួយឆ្នាំ២០២៥ ដែលច្រើនជាង២ដងកន្លះបើធៀបនឹងឆ្នាំមុន។
ប្រទេសជប៉ុន ដែលកំពុងប្រឈមនឹងកង្វះខាតអង្ករជាប្រវត្តិសាស្ត្រ កំពុងក្លាយជាទីផ្សារដ៏សំខាន់មួយសម្រាប់តៃវ៉ាន់ ព្រោះអង្ករតៃវ៉ាន់ស្រដៀងនឹងអង្ករជប៉ុនទាំងពូជ បច្ចេកទេសដាំដុះ និងរសជាតិ។ ក្រសួងកសិកម្មរបស់តៃវ៉ាន់ កំពុងផ្តោតលើការជំរុញការនាំចេញអង្ករ ដើម្បីទាញកសិករមួយចំនួន ដែលកំពុងងាកចេញពីដំណាំនេះឱ្យងាកមកដាំដំណាំនេះឡើងវិញ៕
ដោយ៖ សុខ មង្គល