អាជីវករ

អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលចាត់វិធានការក្ដៅចំពោះអ្នកឆ្លៀតឱកាសលក់ទំនិញដំឡើងថ្លៃហួសហេតុ


ពលរដ្ឋកំពុងបង្ហាញការហួសចិត្ត និងខឹងសម្បាយ៉ាងខ្លាំងចំពោះឈ្មួញកណ្ដាល និងអ្នកលក់ដូរមួយចំនួនដែលបានឆ្លៀតឱកាសលក់ដំឡើងថ្លៃហួសហេតុលើមុខទំនិញដែលមានតម្រូវការខ្ពស់សម្រាប់យកទៅផ្តល់ជាជំនួយដល់កងទ័ពជួរមុខ ដែលកំពុងច្បាំងជាមួយសត្រូវឈ្លានពានថៃ និងពលរដ្ឋភៀសសឹក។ អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមបានបានចាត់ទុកការលក់ដំឡើងថ្លៃលើទំនិញចាំបាច់របស់ជនឆ្លៀតឱកាសមួយចំនួននេះ គឺបានបង្ហាញពីការគ្មានមនសិការស្នេហាជាតិ ទឹកដី និងជាទង្វើមួយមិនអាចទទួលយកបាន។
អាជីវករ
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ស្របពេលប្រទេសកំពុងជួបអាសន្នប្រយុទ្ធប្រឆាំងជាមួយខ្មាំងសត្រូវឈ្លានពាន មានអ្នករកស៊ីមួយចំនួនបានឆ្លៀតឱកាសលក់ទំនិញកេងប្រវញ្ចជាតិសាសន៍ដូចគ្នាទៅវិញតាមរយៈការលក់ដំឡើងថ្លៃហួសហេតុសម្រាប់មុខទំនិញ ដែលមានតម្រូវការខ្ពស់ដូចជាមីកញ្ចប់ អំបុក និងសាច់ផាត់ជាដើម ដែលពលរដ្ឋកំពុងប្រមូលទិញជួយដល់កម្លាំងជួរមុខ និងពលរដ្ឋភៀសសឹក​។ សម្រាប់អ្នកជំនាញរូបនេះ ទង្វើរបស់អ្នកឆ្លៀតឱកាសទាំងនេះ បានបង្ហាញពីការខ្វះមនសិការស្នេហាជាតិ និងការចេះជួយគ្នាក្នុងគ្រាលំបាក។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះ ស្នើឱ្យអ្នកលក់ដូរទាំងអស់សូមកុំឱ្យលក់ដំឡើងថ្លៃក្នុងកាលៈទេសៈប្រទេសជាតិ កំពុងជួបបញ្ហានេះ។

​ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ក្នុងកាលៈទេសៈដែលប្រទេសកំពុងមានកើតមានសង្គ្រាមឈ្លានពានដោយយោធាថៃ អាជីវករមិនគួរលក់ទំនិញដំឡើងថ្លៃហួសហេតុនោះទេ ព្រោះវានាំឱ្យប៉ះពាល់ដល់កងទ័ពជួរមុខ ដែលកំពុងយកជីវិតទៅតតាំងជាមួយសត្រូវ និងពលរដ្ឋភៀសសឹកដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ពិសេសប៉ះពាល់ដល់ចលនាសាមគ្គីជាតិទាំងមូល។ ជាមួយគ្នានេះ លោកបណ្ឌិត ជំរុញឱ្យអ្នកផលិតមុខទំនិញដែលមានតម្រូវការខ្ពស់បង្កើនការផលិតបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងមានការកើនឡើងសម្រាប់ផ្តល់ជូនដល់កងកម្លាំងជួរមុខ និងពលរដ្ឋ​ភៀសសឹក។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះ ស្នើឱ្យរាជរដ្ឋាភិបាលគួរចាត់វិធានការក្ដៅលើអ្នកឆ្លៀតឱកាស ដើម្បីកុំឱ្យប្រព្រឹត្តិទង្វើបែបនេះបន្តទៀត។

​ដោយឡែក លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហាញការខកចិត្តចំពោះឈ្មួញកណ្ដាលមួយចំនួន ដែលបានឆ្លៀតឱកាសក្នុងពេលប្រទេសកំពុងជួបទុក្ខលំបាកដំឡើងថ្លៃទំនិញ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋមានតម្រូវការទិញយកទៅជួយដល់កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក។ អ្នកជំនាញរូបនេះ ក៏បានអំពាវនាវដល់ឈ្មួញកណ្ដាលទាំងអស់កុំឱ្យលក់ដូរថ្លៃហួសហេតុ គួរតែមានលក់បញ្ចុះតម្លៃ ឬលក់ថែមទំនិញជំនួសវិញ ដើម្បីចូលរួមជាចំណែកជួយដល់ប្រទេសជាតិ ពិសេសផលិតករគួរបង្កើនការផលិតឱ្យបានច្រើនបន្ថែមទៀត។

​គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ស្ថានភាពជនភៀសសឹក ដោយសារយោធាថៃ ​បើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ បានកើនឡើងដល់ចំនួន៥៥,៧៤៣គ្រួសារ ស្មើនឹង១៩២ ១៧៣នាក់ ក្នុងខេត្តចំនួន៦ ជាប់ព្រំដែនថៃ និងបានបណ្តាលឱ្យជនស៊ីវិល១០នាក់ស្លាប់ក្នុងនោះមានទារក១នាក់ និងរងរបួសចំនួន៦០នាក់​។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដោយក្រសួងការពារជាតិ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញបង្ហាញបញ្ហាប្រឈមធំៗ៣ ដែលអាចបង្អាក់កំណើនសេដ្ឋកិច្ចកម្ពុជា

ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗបានបង្អាក់សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរ…

តើបញ្ហាសង្រ្គាមកម្ពុជា-ថៃ បានដាក់សម្ពាធយ៉ាងណាដល់វិស័យអចលនទ្រព្យកម្ពុជា ហើយវិស័យនេះអាចចាយពេលប៉ុន្មានឆ្នាំដើម្បីស្តារឡើងវិញ?

អ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យកម្ពុជា ដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយពុំទាន់ងើបប្រសើរឡើងវិញនៅឡើយទេ មកទល់ពេលនេះ ក្រោយទទួលរងសម្ពាធជាច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ