ជាក់ស្ដែង អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទបានប្រមាណជាង ២ពាន់២រយលានដុល្លារអាមេរិក នៅរយៈពេល៧ខែ ឆ្នាំ២០២២ ស្មើនឹងជាង ៧៨% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការប្រមូលចំណូលមានការកើនឡើងចំនួនប្រមាណជិត ៥រយលានដុល្លារ ស្មើនឹងកំណើនជិត ៣០% ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ ខែ ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល រដ្ឋមន្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា សរុបរយៈពេល ៧ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួនប្រមាណជាង ២ពាន់២រយលានដុល្លារ ស្មើនឹងជាង ៧៨%នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយបើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ឃើញថាកើនឡើងប្រមាណជិត ៥រយលានដុល្លារ ស្មើនឹងជិត៣០%។
ដោយឡែក បើមើលទៅលើ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ នៅក្នុងខែកក្កដា ឆ្នាំ២០២២ តែឯងប៉ុណ្ណោះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមាន ២៤០លានដុល្លារ ស្មើនឹងជាង ៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកក្កដា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួនប្រមាណជាង ៣៨លានដុល្លារ ស្មើនឹង ១៩%។
ឯកឧត្តម គង់ វិបុល បញ្ជាក់ផងដែរថា ទោះបីជាមានហានិភ័យដែលបណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកលរលកនៃការរីករាលដាល និងបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយនិងសន្តិសុខសកលដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងរយៈពេល ៧ខែ ឆ្នាំ២០២២ នេះនៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ និងតែងតែសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកាសម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
តាមផែនការច្បាប់ហិរញ្ញវត្ថុនៅឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធសរុបឲ្យបានដល់ប្រមាណ ២.៨២០ លានដុល្លារអាមេរិក។
បើតាមក្រុមអ្នកជំនាញសេដ្ឋកិច្ច ធ្លាប់បានអះអាងថា ការកើនឡើងនៃប្រាក់ចំណូលពន្ធដារនេះ បានបញ្ជាក់ឲ្យឃើញពីកំណើនងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានបើកឲ្យមានសកម្មភាពសេដ្ឋកិច្ច និងសង្គមពេញលេញឡើងវិញគ្រប់វិស័យ និងមានការបន្ធូរបន្ថយនូវលក្ខខណ្ឌជាច្រើនផងដែរសម្រាប់ភ្ញៀវទេសចរ អាជីវកម្ម និងការវិនិយោគថ្មីៗ៕