មេដឹកនាំកម្ពុជា-ថៃ

តើការធ្វើទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា និងមេដឹកនាំថៃ អាចស្តារស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឱ្យភាពល្អប្រសើរបានទេ?


នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា និង អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅផ្នែកផ្សេងៗគ្នានៃព្រំដែនខ្មែរ ថៃ ដែលកំពុងមានភាពតានតឹង រហូតដល់បិទច្រកទ្វារព្រំដែនទាំងស្រុងជាឯកតោភាគីពីសំណាក់យោធាថៃ កាលពីពេលថ្មីៗនេះ។ តើក្រោយពីការចុះបំពេញទស្សនកិច្ចរបស់មេដឹកនាំទាំងពីរ អាចស្តារស្ថានការណ៍បញ្ហាជម្លោះព្រំដែនដែលកំពុងឡើងកម្តៅឱ្យវិលមករកប្រក្រតីភាពបានដែរឬទេ?
មេដឹកនាំកម្ពុជា-ថៃ
ដោយ

លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ដែលកំពុងខិតខំស្តារសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះ និង កំពុងតែរក្សាសម្ពន្ធភាពក្នុងរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយផង ហើយក៏កំពុងប្រឈមមុខនឹងការតវ៉ាក៏ដូចជាការបោះឆ្នោតសម្តែងការមិនទុកចិត្តនៅក្នុងសភាផងនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ លោកស្រីផែថងថាន បានចុះទៅច្រកព្រំដែនអារញ្ញប្រាថេត ក្នុងខេត្តស្រះកែវ ទល់មុខក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ វត្តមានរបស់ លោកស្រី នៅតែទទួលការស្វាគមន៍ពីពលរដ្ឋថៃ ទោះប្រជាប្រិយភាពមានការធ្លាក់ចុះក៏ដោយ ហើយពាក់ព័ន្ធនឹងគោលបំណងនៃដំណើរទស្សនកិច្ចនេះ លោកស្រីបានអះអាងថា គឺដើម្បីអង្កេតការបង្ក្រាបបទល្មើសឆ្លងដែនដែលកំពុងបន្ត និងវាយតម្លៃពីផលប៉ះពាល់នៃការរឹតបន្តឹងព្រំដែន ដែលប្រទេសថៃ បានផ្អាករាល់យានជំនិះ ភ្ញៀវទេសចរ និងអាជីវករពីគ្រប់ច្រកព្រំដែនគោកចូលមកកម្ពុជា។

អ្នកវិភាគបានលើកឡើងថា ការដែលលោកស្រីបាននិយាយការបិទច្រកព្រំដេនជាមួយនឹងកម្ពុជា ភ្ជាប់គ្នាជាមួយនឹងបទល្មើសឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មតាមអនឡាញនេះ គឺគ្រាន់តែជាលេសបង្វែស្ថានការណ៍មួយពីបញ្ហាទំនាស់ព្រំដែនទៅជារឿងឧក្រិដ្ឋកម្មប៉ុណ្ណោះ។

អ្នកវិភាគបានបន្តលើកឡើងទៀតថា អ្នកដែលបិទពិតប្រាកដ គឺយោធា ហើយលោកស្រីខ្លួនឯងក៏ធ្លាប់បាននិយាយដែរថា លោកស្រីបានប្រគល់សិទ្ធិនេះទៅឱ្យយោធាជាអ្នកសម្រេច ខណៈដែលយោធា ត្រូវបានកាសែតថៃ ដកស្រង់សម្តីជាបន្តបន្ទាប់ ដែលបញ្ចាក់ថា បញ្ហានេះគឺជាបញ្ហាព្រំដែន។

នៅក្នុងថ្ងៃជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានចុះទៅព្រំដែន ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ ផងដែរ។ នាឱកាសនោះ សម្តេចតេជោ បានមានប្រសាសន៍ថា បញ្ហាវិវាទព្រំដែនជាមួយថៃ លើកនេះ អាចនឹងយូរ ហើយអាចមានសង្រ្គាមយូរដែរ មិនដូចអ្វីដែលធ្លាប់កើតមានកាលពីប៉ុន្មានឆ្នាំមុននោះទេ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានណែនាំប្រជាពលរដ្ឋជីកលេណដ្ឋាន ដើម្បីការពារខ្លួនហើយកុំភ្លេចការបង្កបង្កើនផល ទោះបីសភាពការណ៍កើតមានឡើងនៅព្រំដែនក៏ដោយ ខណៈដែលពេលនេះជារដូវវស្សាបានចូលមកដល់។

ដោយឡែកនៅភ្នំពេញ ឯណោះវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចុះទៅព្រំដែនជួបទាហាន និងប្រជាពលរដ្ឋដែលត្រូវជម្លៀសមករកកន្លែងសុវត្ថិភាព ក្រោយមានការតានតឹងនៅព្រំដែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រនៅបណ្ឌិត្យសភានគរបាលកម្ពុជា ថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃ បានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយព្រំដែនពិតប្រាកដ។

សម្តេចធិបតី បានបញ្ជក់ថា សម្តេចរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នាប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។ សម្តេចធិបតី បានលើកឡើងថា ប្រក្រតីភាពនៃព្រំដែនរវាងប្រទេសទាំងពីរ គឺនៅលើការសម្រេចចិត្តរបស់ភាគីថៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកម្ពុជា គួរបិទការនាំចូលទំនិញពីថៃ ទាំងស្រុង ឬយ៉ាងណា ស្របពេលពាណិជ្ជករថៃ កំពុងបង្វែរច្រកដឹកទំនិញមកកាន់ទីផ្សារកម្ពុជា?

ភាពតានតឹងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ រហូតឈានដល់ការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីពីយោធាថៃ បានធ្វើឱ្យមានការរាំងស្ទះដល់ការធ្វើពាណិជ្ជ…

ក្រុមអ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិ ព្រមានពីភាពផុយស្រួយកាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ចថៃ

ក្រុមអ្នកវិភាគអន្តរជាតិ បានព្រមានពីភាពផុយស្រួយកាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ចថៃ ហើយថា ធនាគារកណ្ដាលថៃ មិនគួរសម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅដដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ