
មេទ័ពភូមិភាគ១របស់ថៃ គឺឧត្តមសេនីយ៍ឯក វ៉ូរ៉ាយូស លួងសុវណ្ណ (Worayos Lueangsuwan) បានប្ដេជ្ញាសាងសង់របងព្រំដែនកម្ពុជា-ថៃ និងពន្លឿនការសាងសង់លេណដ្ឋាន និងជម្រកជនស៊ីវិលរំលោភយកដីខ្មែររំលោភយកដីខ្មែរតាមបញ្ជាពីប្អូនស្រីពៅរបស់មហាក្សត្រថៃ។ ចំណាត់ការដ៏គឃ្លើននេះធ្វើឡើងបន្ទាប់ពីអគ្គមេបញ្ជាការកងទ័ពថៃ គឺនាយឧត្តមសេនីយ៍ ផាណា ក្លៅភ្លុតធុក (Pana Klaoplodthuk) បានចូលគាល់អ្នកអង្គម្ចាស់ក្សត្រី ឈូឡាផន ហើយបានរាយការណ៍ថ្វាយទ្រង់អំពីគម្រោងទុច្ចរិតទាំងនេះក្រោមលេសថា ដើម្បីបង្កើនសុវត្ថិភាពរបស់ទាហាន និងជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនជាប់កម្ពុជា។
ក្រោយពីបានស្ដាប់ការរាយការណ៍បំផ្លើសការពិតរបស់នាយឧត្តមសេនីយ៍ ផាណា ក្លៅភ្លុតធុក (Pana Klaoplodthuk) អ្នកអង្គម្ចាស់ក្សត្រីបានបង្ហាការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ន ជាពិសេសនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយទ្រង់ក៏បានបញ្ជាឱ្យកងទ័ពថៃ ពន្លឿនការសាងសង់ប៉ុស្តិ៍ការពារសម្រាប់ទាហាន លេណដ្ឋាន និងជម្រកគ្រាអាសន្នសម្រាប់អ្នកស្រុក។
បន្ទាប់ពីទទួលបានបញ្ជាពីអ្នកអង្គម្ចាស់ក្សត្រី ឈូឡាផន នាយឧត្តមសេនីយ៍ ផាណា ក្លៅភ្លុតធុក បានបញ្ជាឱ្យឧត្តមសេនីយ៍ឯក វ៉ូរ៉ាយូស លួងសុវណ្ណ (Worayos Lueangsuwan) មេបញ្ជាការភូមិភាគ១ចុះពិនិត្យផ្ទាល់ដល់ទីតាំង និងប្រមូលទិន្នន័យនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ហើយកាលពីថ្ងៃពុធ ទី១៥ ខែតុលា ឧត្តមសេនីយ៍ឯក វ៉ូរ៉ាយូស លួងសុវណ្ណ (Worayos Lueangsuwan) មេបញ្ជាការភូមិភាគ១ ក៏បានចុះពិនិត្យតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅភូមិជោគជ័យ និងភូមិព្រៃចាន់តាមបទបញ្ជា។
ជាផ្នែកមួយនៃផែនការទុច្ចរិតនេះ ក្នុងដំណាក់កាលដំបូង កងទ័ពថៃ នឹងសាងសង់ និងកែលម្អលេណដ្ឋានយោធាចំនួន៧២នៅក្នុងមូលដ្ឋានប្រតិបត្តិការរបស់ខ្លួន និងជម្រកជនស៊ីវិលចំនួន ៦ ដែលជម្រកនីមួយៗអាចផ្ទុកមនុស្សបានរហូតដល់ទៅ៤០នាក់។ ហើយលេណដ្ឋានចំនួន ១០ និងជម្រកចំនួន២នឹងត្រូវបានផ្តល់អាទិភាពសម្រាប់ការសាងសង់ភ្លាមៗ៕
ដោយ: តែម សុខុម