ធនាគារកសិកម្ម និងសហករណ៍ (BAAC) របស់ថៃ បានប្រកាសនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ខ្លួនបានបិទសាខាចំនួន១២ នៅក្នុងខេត្តជាប់ព្រំដែនជាមួយកម្ពុជា ចំនួន៤ បន្ទាប់ពីយោធាថៃ បានបើកការវាយប្រហារទាំងកំរោលលើកម្ពុជា នៅប៉ុន្មានថ្ងៃមកនេះ ដោយជំរុញឱ្យអតិថិជនប្រើប្រាស់កម្មវិធីទូរសព្ទ ម៉ាស៊ីន ATM និងសាខាក្បែរនោះជំនួសវិញ។ បើតាមការអះអាងរបស់ធនាគារនេះ សាខាធនាគារទាំង១២របស់ខ្លួននឹងត្រូវបិទរហូតដល់មានការជូនដំណឹងជាថ្មី។
នៅពេលនេះ អាជ្ញាធរខេត្តឧប៊ុន និងខេត្តសុរិន ប្រទេសថៃ កំពុងបង្កើនការជម្លៀសប្រជាជនចេញពីតំបន់ព្រំដែនទៅកាន់កន្លែងមានសុវត្ថិភាព។ សភាពាណិជ្ជកម្មខេត្តទាំងពីរបានប៉ាន់ប្រមាណថា ការវាយប្រហាររបស់យោធាថៃ លើកម្ពុជា លើកនេះ អាចអូសបន្លាយរយៈពេលពី៣-៥ថ្ងៃដោយសារភាគីទាំងពីរហាក់បានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រយុទ្ធគ្នាលើកនេះដែលជំរុញឱ្យមានការព្រួយបារម្ភជាខ្លាំង ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងទេសចរណ៍ក្នុងស្រុកជាពិសេសក្នុងពេលរដូវសម្បូរភ្ញៀវទេសចរនៅចុងឆ្នាំនេះតែម្ដង។
លោក មង្គល ជុនឡាតាស (Mongkol Chunlatas) ប្រធានជាន់ខ្ពស់នៃសភាពាណិជ្ជកម្មខេត្ត ឧប៊ុន បាននិយាយថា សញ្ញាខុសពីប្រក្រតីបានចាប់ផ្ដើមលេចឡើងដោយប្រជាជនមូលដ្ឋានត្រូវបានគេណែនាំឱ្យចេញពីតំបន់តាមព្រំដែនចូលទៅខាងក្នុងខេត្ត។ ស្របពេលគ្នានោះ កម្លាំងសន្តិសុខបានចល័តកងកាំភ្លើងធំ និងអាវុធផ្សេងៗទៀតឡើងទៅកាន់ព្រំដែន ហើយនៅព្រឹកថ្ងៃទី៨ ខែធ្នូ សំឡេងនៃការបាញ់ប្រហារគ្នាក៏បានលាន់ឮឡើង៕
ដោយ៖ សុខ មង្គល