ភាពមិនប្រាកដប្រជានៃនយោបាយក្នុងប្រទេស និងសម្ពាធខាងក្រៅ ជាពិសេសពន្ធគយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយ ដែលបានគំរាមកំហែងដល់សេដ្ឋកិច្ចប្រទេសថៃ ដែលពឹងផ្អែកខ្លាំងលើការនាំចេញឱ្យធ្លាក់ចុះ។ ការស្រាវជ្រាវពីសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានព្យាករថា តម្លៃនៃការនាំចេញរបស់ថៃ នៅឆ្នាំ២០២៦ នឹងថយចុះប្រមាណជិត៩ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ១,៤៨% នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ។
ការវិភាគសេណារីយោរបស់ធនាគារកណ្តាលថៃ បានបង្ហាញឱ្យឃើញពីរូបភាពដ៏អាក្រក់ជាងមុន ដោយក្នុងករណីដែលធ្ងន់ធ្ងរបំផុតត្រូវបានព្យាករថា កានាំចេញនឹងធ្លាក់ចុះដល់ទៅ៨,៣% ហើយកំណើនផលិតផលក្នុងស្រុកសរុបនឹងការថយចុះ១%។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅការិយាល័យគោលនយោបាយសារពើពន្ធរបស់ប្រទេសថៃ បានព្រមានយ៉ាងដូច្នេះថា ការគំរាមកំហែងនៃការដំឡើងពន្ធជាបន្តបន្ទាប់ បានជំរុញឱ្យតម្រូវការទំនិញនាំចេញរបស់ថៃ ថយចុះ ជាពិសេសនៅក្នុងវិស័យផលិតកម្ម និងកសិកម្ម ដែលងាយនឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាម៉េរិក។
ពន្ធគយទាំងនោះបានធ្វើឱ្យប៉ះពាល់ដល់ភាពខ្លាំងខាងការប្រកួតប្រជែងរបស់ប្រទេសថៃ នៅក្នុងវិស័យសំខាន់ៗ ដូចជាគ្រឿងអេឡិចត្រូនិក ផលិតផលកសិកម្ម និងគ្រឿងបន្លាស់រថយន្ត ដែលជាឧស្សាហកម្មផ្តល់ការងារដល់មនុស្សរាប់លាននាក់ និងជាមូលដ្ឋានគ្រឹះនៃគំរូអភិវឌ្ឍន៍របស់ប្រទេសអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ៕
អត្ថបទ សួន ឡង់ទី