ដំបូងថៃប្រកាសបដិសេធមិនចរចាជាមួយកម្ពុជា ហើយក្រោយមកដាក់លក្ខខណ្ឌ៣ចំណុចដល់កម្ពុជា តែចុងក្រោយនេះបានប្រកាសទទួលយកការសម្របសម្រួលពីបរទេស ដែលនេះបានបង្ហាញពីចរិតក្រឡិចក្រឡុចរបស់ថៃ។
សារព័ត៌មាន the Nation បានរាយការណ៍នៅថ្ងៃទី១៩ ខែធ្នូ នេះ ថា លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មកពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិជប៉ុន ក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចន្លោះពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២៥។ តែក្នុងជំនួបនោះប្រមុខការទូតថៃ បានព្យាយាមបកស្រាយការពារការរំលោភបំពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា និងបានបដិសេធថា ថៃ មិនបានញុះញង់ឱ្យមានចលាចលនេះនោះទេ ទាំងដែលបញ្ញាវ័ន្តថៃ និងអ្នកវិភាគឯករាជ្យបានដឹងពីបញ្ហានេះច្បាស់ទៅហើយ។
ទន្ទឹមនឹងនេះរដ្ឋមន្ត្រីការបរទេសថៃ រូបនេះ បានបញ្ជាក់ថា ថៃ មិនបដិសេធប្រទេសណាដែលផ្តល់ការសម្របសម្រួលឱ្យមានការបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា នោះទេ ឱ្យតែដំណោះស្រាយនោះមានភាពអព្យាក្រឹត មិនលម្អៀងទៅរកប្រទេសណាមួយ។
ក្រុមអ្នកវិភាគបានចាត់ទុកការលើកឡើងរបស់ប្រមុខការទូតថៃ រូបនេះ បានបង្ហាញពីការបន្ទន់ជំហររបស់ថៃ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដែលវាខុសពីអ្វីដែលថៃ បានប្រកាន់គោលជំហរកន្លងមក។ តែយ៉ាងណាប្រទេសថៃ នៅតែអូសក្រឡាចង់ឱ្យដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ តាមរយៈយន្តការទ្វេភាគី ព្រោះលោកយល់ថា ដំណោះស្រាយចុងក្រោយនៃជម្លោះនឹងកើតចេញពីការចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ៕
ដោយៈ សរ សុជាតិ