នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានថៃ Khaosod ដែលបានបញ្ជាក់បន្ថែមថា ការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសទាំង២នេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើឡើងនៅវេលាម៉ោង៩៖២០នាទីយប់នេះ។
លោករដ្ឋមន្ត្រី ស៊ីហាសាក់ បានពន្យល់ប្រាប់ពីការពិត ទាក់ទងនឹងការវិវឌ្ឍចុងក្រោយបំផុតនៃស្ថានភាពនៅតាមព្រំដែនថៃ-កម្ពុជា ដោយលោកបានបញ្ជាក់ថា ប្រទេសថៃនៅតែប្តេជ្ញាចិត្តចំពោះសន្តិភាព និងដំណោះស្រាយដោយសន្តិវិធី តែទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា សន្តិភាពយូរអង្វែងត្រូវតែកើតចេញពីសកម្មភាព និងការប្តេជ្ញាចិត្តពិតប្រាកដ។
លោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានស្តាប់ និងសម្តែងការយល់ដឹងអំពីជំហររបស់ថៃ ដោយបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិកក្នុងការលើកកម្ពស់សន្តិភាពប្រកបដោយការស្ថាបនា និងគាំទ្រប្រទេសថៃក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕