
លោកស្រី វីផា សូណាត (Wipa Sunate) ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត បានអះអាងថា ក្រុមពាណិជ្ជករនៅក្នុងខេត្តត្រាត ស្ថិតនៅភាគខាងកើតនៃប្រទេសថៃ ដែលរកស៊ីនាំចេញផ្លែឈើមកកាន់ប្រទេសកម្ពុជា កំពុងធ្លាក់ចុះទំនុកចិត្ត និងប្រឈមនឹងការខាតបង់ ក្រោយកម្ពុជា បិទមិនឱ្យនាំចូលផ្លែឈើមកកាន់ទីផ្សារកម្ពុជា។ ជាមួយគ្នានេះពួកគេជំរុញឱ្យរដ្ឋាភិបាលថៃ ជាពិសេសក្រុមយោធា ដោះស្រាយបញ្ហាច្រកទ្វារព្រំដែនជាមួយកម្ពុជា ឱ្យបានឆាប់ និងដោយសន្តិវិធី។ បើតាមការអះអាងរបស់ប្រធានសភាពាណិជ្ជកម្មរូបនេះ ការនាំចេញរបស់ថៃ ចូលមកកម្ពុជា មានតម្លៃ៣០ពាន់លានបាត ឬប្រមាណជាង៩០០លានដុល្លារ ខណៈការនាំចូលពីកម្ពុជា មានតម្លៃត្រឹមតែជាង៩០ទៅ១០០លានដុល្លារប៉ុណ្ណោះ។
លោកស្រីបានលើកឡើងថា នៅពេលនេះការនាំចេញផ្លែឈើរបស់ខេត្តជាប់ព្រំដែនជាមួយកម្ពុជា មួយនេះ កំពុងជួបបញ្ហា ហើយប្រសិនបើព្រំដែនត្រូវបិទជាអចិន្ត្រៃយ៍ នោះផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ។ លោកស្រីបន្តថា សភាគ្រោងនឹងលើកបញ្ហាទាំងនេះទៅសភាពាណិជ្ជកម្មថៃ ដើម្បីជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ និងដោះស្រាយ។
ដោយឡែក លោក វុទ្ធីភុង រ៉ាតាមុន (Wutthiphong Rattamon) ប្រធានបណ្តាញសហករណ៍កសិកម្មខេត្តត្រាត បានមានលើកឡើងថា ផ្លែមង្ឃុតប្រមាណ៥ម៉ឺនតោន ត្រូវបានគេរំពឹងនឹងត្រូវចែកចាយនៅឆ្នាំនេះ តែវាកំពុងរងការគំរាមកំហែងពីវិធានការបិទការនាំចូលរបស់កម្ពុជា បើទោះជាទីផ្សារកម្ពុជា មានត្រឹមតែពី៥ ទៅ១០%នៃការនាំចេញផ្លែមង្ឃុតរបស់ថៃ ក៏ដោយ។
ដើម្បីជួយកសិករថៃ នៅពេលនេះមជ្ឈមណ្ឌលប្រតិបត្តិការព្រំដែនកម្ពុជា-ថៃ បានប្រកាសពីផែនការជួយកសិករតាមយន្តការផ្សេងៗដូចជាការរៀបចំពិធីបុណ្យផ្លែឈើថៃ ឆ្នាំ២០២៥ ដោយសហការជាមួយផ្សារទំនើប និងទីផ្សារលក់ដុំ ក៏ដូចជាចែកជូនប្រជាពលរដ្ឋនៅតាមស្ថានីយប្រេងឥន្ធនៈ និងដាក់លក់នៅហាងដែលគ្រប់គ្រងដោយរដ្ឋជាដើម៕
ដោយៈ សរ សុជាតិ