បើតាមសារព័ត៌មានថៃ The Nation ដែលបានស្រង់ប្រភពព័ត៌មានពីការិយាល័យកិច្ចការកសិកម្មស្ថិតក្រោមស្ថានទូតថៃប្រចាំនៅក្នុងទីក្រុងប៉េងកាំងប្រទេសចិនបានឲ្យដឹងថា ការត្រួតពិនិត្យ និងរកឃើញមេរោគកូវីដ-១៩នៅលើកញ្ចប់វេចខ្ចប់ទុរេននាំចូលពីប្រទេសថៃនេះគឺបានធ្វើឡើងនៅក្នុងផ្សារ ហួដុងជីង (Haudongcheng) ក្នុងទីក្រុងកាងស៊ូ ប្រទេសចិនកាលពីថ្ងៃទី ១៣ ខែសីហា។
អ្នកដែលបានប៉ះពាល់ជាមួយនឹងកញ្ចប់វេខ្ចប់ទុរេនដែលមានវិជ្ចមានកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ករួចហើយ ហើយពួកគេក៏ត្រូវបានតេស្ដរួចហើយដែរ ជាមួយលទ្ធផលអវិជ្ជមាន។
ដោយឡែក កញ្ចប់ទុរេនផ្សេងទៀតក៏ត្រូវបានយកទៅរក្សាទុកក្នុងកន្លែងសុវត្ថិភាព ខណៈដែលផ្លែឈើមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធក៏ត្រូវបានយកទៅលាងសម្អាតសម្លាប់មេរោគផងដែរ។
ការិយាល័យកិច្ចការកសិកម្មថៃ បានអះអាងថា ខ្លួនក៏បានពិភាក្សាបញ្ហានេះ ជាមួយនឹងរដ្ឋបាលគយចិនរួចហើយដែរ។ អាជ្ញាធរចិនបានអះអាងថា ការនាំចូលផលិតផលពីប្រទេសថៃនឹងមិនត្រូវបានផ្អាកនោះទេ ខណៈដែលការរកឃើញករណីវិជ្ជមានកូវីដ-១៩លើទុរេនថៃនេះ គឺនៅតំបន់ត្រួតពិនិត្យក្នុងប្រទេសចិន មិនមែននៅតំបន់ច្រកត្រួតពិនិត្យមុននាំចូលក្នុងប្រទេសចិននោះទេ។
ទោះយ៉ាងណា ការរកឃើញករណីកូវីដ-១៩នៅលើទុរេនថៃនេះ ជៀសមិនផុតពីការធ្វើឲ្យប៉ះពាល់ដល់តម្រូវការទុរេនថៃក្នុងទីផ្សារចិននោះឡើយ ដ្បិតថា មានការផ្សព្វផ្សាយព្រោងព្រាតពីបញ្ហានេះនៅលើបណ្ដាញសង្គមរួចទៅហើយ។
ការផ្ទុះករណីរកឃើញវិជ្ជមានកូវីដ-១៩នៅលើសម្បកវេចខ្ចប់ទុរេនថៃនេះ គឺធ្វើឡើងនៅក្រោយពេលដែល ប្រទេសចិនក៏ទើបតែបានហាមឃាត់ការនាំចូលផ្លែមៀនពីប្រទេសថៃផងដែរ ក្រោយពេលរកឃើញថាផ្លែមៀនទាំងនោះ មានមេរោគសត្វល្អិតចង្រៃ។
បច្ចុប្បន្ន ខាងក្រសួងពាណិជ្ជកម្មថៃ ក៏កំពុងខ្នះខ្នែងមែនទែនក្នុងការជំរុញឲ្យខាងភាគីចិនពិនិត្យឡើងវិញចំពោះការហាមឃាត់ការនាំចូលផ្លែមៀនពីប្រទេសថៃនេះ ខណៈដែលបច្ចុប្បន្នតម្លៃមៀនក្នុងប្រទេសថៃ កំពុងធ្លាក់ចុះយ៉ាងខ្លាំង។
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កិច្ចពិភាក្សាទ្វេភាគីរវាងថៃ និងចិន នឹងត្រូវធ្វើឡើងនៅចុងសប្ដាហ៍ក្រោយនេះ ប៉ុន្ដែ មុននឹងជួបខាងភាគីចិន រដ្ឋាភិបាលថៃ ក៏កំពុងញាប់ដៃញាប់ជើងក្នុងការជួយដោះស្រាយបញ្ហាមៀនធ្លាក់ថ្លៃខ្លាំងទុំពេញដើម នៅក្នុងតំបន់ភាគខាងជើងនៃផ្ទៃប្រទេសថៃផងដែរ។
បើតាមមន្ត្រីថៃតម្លៃមៀនគុណភាពខ្ពស់បំផុតក្នុងប្រទេសថៃបច្ចុប្បន្នអាចលក់បានត្រឹមតែ ៣៥ ទៅ៤០បាត ឬ ស្មើនឹងប្រមាណ ៤ពាន់ ទៅ៥ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ រីឯ មៀនប្រភេទលេខ២ អាចលក់បានប្រមាណជាង៣ពាន់រៀលក្នុងមួយគីឡូក្រាម។
បញ្ហាកង្វះកម្លាំងពលកម្មដែលជាកម្មករចំណាកស្រុក ក្នុងអំឡុងពេលកូវីដ-១៩នេះក៏កំពុងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការរោងចក្រកែច្នៃមៀននៅក្នុងប្រទេសថៃផងដែរ។ បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មថៃ កំពុងមានផែនការ នឹងទិញយកផ្លែឈើពិសេសផ្លែមៀនក្នុងតម្លៃពិសេស ដើម្បីដាក់លក់នៅក្នុងហាង លក់តាមរថយន្ដ និងនៅតាមស្ថានីយប្រេងឥន្ធនៈ ដើម្បីជំរុញដល់ការប្រើប្រាស់ក្នុងស្រុក និងសង្គ្រោះទីផ្សារមៀនដែលកំពុងរងទុក្ខទីផ្សារ៕