លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីចាំផ្ទះថៃ បានស្ដីបន្ទោសថា ក្រុមហ៊ុននេះ បានបរាជ័យក្នុងការការពារសុវត្ថិភាពសាធារណៈ ក្រោយឧប្បត្តិហេតុទាំង៣លើកនេះបានបណ្ដាលឱ្យមានមនុស្សស្លាប់៣៤នាក់ និងរងរបួស៧៤នាក់។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុល បានះអះអាងថា រដ្ឋាភិបាលថៃ គ្មានជម្រើសអ្វីក្រៅពីដាក់ចេញបទបញ្ជាខាងរដ្ឋបាល ជំនួសឱ្យការប្រើប្រាស់យន្តការកិច្ចសន្យាសំណង់ស៊ីវិល ដើម្បីការពារសាធារណជននោះទេ ក្រោយកើតមានឧប្បត្តិហេតុដ៏សាហាវ៣លើកផ្ទួនៗគ្នាត្រឹមតែមួយសប្តាហ៍ ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួស។ រដ្ឋាភិបាលថៃ បានសម្រេចបញ្ចប់កិច្ចសន្យាសាងសង់ចំនួនពីរជាមួយក្រុមហ៊ុន ITD ភ្លាមៗ បើទោះពីអាចប្រឈមនឹងរឿងរ៉ាវនៅតុលាការក៏ដោយ។
គួររំលឹកថា ឧប្បត្តិហេតុលើកទី១ បានកើតឡើងនៅខេត្តនគររាជសីមា កាលពីថ្ងៃពុធ ទី១៤ មករា ដោយដងស្ទូចសំណង់ផ្លូវដែកដ៏ធំមួយបានបាក់ធ្លាក់សង្កត់លើរថភ្លើងដឹកអ្នកដំណើរ ដែលបណ្ដាលឱ្យមនុស្ស៣២នាក់ស្លាប់ និងរបួស៦៩នាក់។ ចំណែកឧប្បត្តិហេតុលើកទី២ បានកើតឡើងនៅ១ថ្ងៃក្រោយបន្ទាប់ ពោលគឺនៅថ្ងៃទី១៥ ខែមករា ដោយដងស្ទូចសំណង់ដ៏ធំមួយនៅឯការដ្ឋានគម្រោងផ្លូវល្បឿនលឿនមួយនៅលើកំណាត់ផ្លូវរ៉ាម៉ាទី២ ក្នុងខេត្តសាមុតសាខន បានបាក់ធ្លាក់សង្កត់លើរថយន្ត១គ្រឿងដែលកំពុងធ្វើដំណើរបណ្ដាលឱ្យស្លាប់មនុស្ស២នាក់ និង៥នាក់ផ្សេងទៀតរងរបួស។
ដោយឡែកឧប្បត្តិហេតុលើកទី៣ បានកើតឡើងនៅលើកំណាត់ផ្លួវរ៉ាម៉ាទី២ដដែល ដោយផ្លូវថ្នល់បានបាក់ស្រុតជារណ្ដៅបណ្ដាលឱ្យរថយន្ត១គ្រឿងរអិលធ្លាក់ទៅក្នុងរណ្ដៅនោះ តែមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះនោះទេ៕
អត្ថបទៈ សួន ឡង់ទី