វិស័យអចលនទ្រព្យ

រដ្ឋាភិបាលថៃ ជំរុញឱ្យធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកឱ្យវិនិយោគិនអាចជួលអចលនទ្រព្យរយៈពេល៩៩ឆ្នាំ


រដ្ឋាភិបាលថៃ កំពុងធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកដៃឱ្យវិនិយោគិនអាចជួលអចលនទ្រព្យឱ្យយូរថែមទៀតពី៣០ឆ្នាំ ដល់៩៩ឆ្នាំ ក្នុងបំណងចាក់បញ្ចូលថវិកាក្នុងចរន្តសេដ្ឋកិច្ចតាមរយៈការជំរុញការវិនិយោគ និងការទាក់ទាញបុគ្គលមានទ្រព្យសម្បត្តិច្រើន និងអ្នកមានជំនាញបរទេសឱ្យមកស្នាក់នៅក្នុងប្រទេសថៃ កាន់តែច្រើនថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យអចលនទ្រព្យ
ដោយ

រដ្ឋាភិបាលថៃ កំពុងរៀបចំសេចក្ដីព្រាងច្បាប់មួយ ដើម្បីស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្ដីពីសិទ្ធិលើការជួលទ្រព្យសកម្ម ដើម្បីពង្រីកលក្ខខណ្ឌនៃការជួលអចលនទ្រព្យនៅប្រទេសថៃ ឱ្យបានយូរជាងមុន។ សេចក្ដីព្រាងច្បាប់នេះ កំពុងស្ថិតក្រោមការពិគ្រោះយោបល់ជាសាធារណៈនៅឡើយមុននឹងដាក់ឱ្យគណៈរដ្ឋមន្ត្រីពិនិត្យ និងពិភាក្សា។

រដ្ឋាបាលដឹកនាំដោយគណបក្សភឿថៃ បានពិនិត្យគំនិតផ្តួចផ្តើមនេះតាំងពីការកាន់តំណែងរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន មកម្ល៉េះ ហើយនៅក្រោមរដ្ឋបាលបច្ចុប្បន្នដែលដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្យួរតំណែង សេចក្តីព្រាងច្បាប់នេះ ទទួលបានកម្លាំងជំរុញកាន់តែខ្លាំង ជាពិសេសបន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីថ្មីៗនេះតែម្ដង។

ស្នូលនៃសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ពាក់ព័ន្ធនឹងការពង្រីករយៈពេលជួលអតិបរមាសម្រាប់ទ្រព្យសកម្មពី៣០ទៅ៩៩ឆ្នាំ ហើយការពង្រីកនេះមានបំណងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ និងទាក់ទាញការវិនិយោគ ជាពិសេសពីជនបរទេស ដែលកំពុងស្វែងរកការជួលដីរយៈពេលវែង។

ការផ្លាស់ប្តូរនេះ កំពុងស្ថិតក្រោមការត្រួតពិនិត្យដោយភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ ដោយក្រសួងមហាផ្ទៃ ជាអ្នកដឹកនាំច្បាប់នេះ ហើយក្រសួងហិរញ្ញវត្ថុជាអ្នកត្រួតពិនិត្យលើផលប៉ះពាល់ដ៏ទូលំទូលាយរបស់ច្បាប់នេះ។

លោកស្រី ម៉ាណាផន ឆារឿនស្រី (Manaporn Charoensri) អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាទីប្រឹក្សារបស់រដ្ឋាភិបាល បាននិយាយថា រដ្ឋាភិបាលថៃ មានបំណងចង់ឃើញច្បាប់ស្តីពីសិទ្ធិជួលអចលនទ្រព្យ ដែលត្រូវបានធ្វើវិសោធនកម្មនេះត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត និងចូលជាធរមាននៅត្រឹមឆ្នាំ២០២៥នេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


មន្ត្រីជំនាញបានព្រមានថា ថៃ មិនអាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក ដោយប្រើវិធីដូចវៀតណាម បានឡើយ

មន្ត្រីជំនាញថៃម្នាក់បានព្រមានថា ថៃ ដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរនៅតំបន់អាស៊ានមិនប្រើវិធីសាស្ត្រទម្លាក់ពន្ធសូន្យភាគរយលើទំនិញអាម៉េរិក…

ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរីករាលដាលពេញប្រទេសវៀតណាម ដែលទាមទារឱ្យអ្នកទទួលទាននៅកម្ពុជា គួរបង្កើនការប្រុងប្រយ័ត្នក្រែងលមានការលួចនាំចូល

ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងវាយលុកពេញប្រទេសវៀតណាម ដោយខេត្តក្រុងចំនួន២៨ក្នុងចំណោមខេត្តក្រុងទាំង៣៤របស់វៀតណាម បានផ្ទុះករណីឆ្លងជំងឺនេះរួចទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ