មហាក្សត្រថៃ មហា វជីរ៉ាឡុងកន (Maha Vajiralongkorn) ព្រះជន្ម៧៣វស្សា និងមហេសី សុធីតា (Suthida) ព្រះជន្ម៤៧វស្សា ដែលមានគម្លាតវ័យខុសគ្នា២៦វស្សា បានចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៥ថ្ងៃទៅកាន់ប្រទេសចិន នៅថ្ងៃ១៣ ខែវិច្ឆិកា នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងដោយមហាក្សត្រថៃ ចាប់តាំងពីគណបក្សកុម្មុយនីស្តចិន ឡើងកាន់អំណាចក្នុងឆ្នាំ១៩៤៩ មក។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរខួបលើកទី៥០ ចាប់តាំងពីប្រទេសថៃ និងប្រទេសចិន បានស្តារទំនាក់ទំនងការទូតឡើងវិញ ហើយនេះឆ្លុះបញ្ចាំងពីការរឹតចំណងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌កាន់តែស៊ីជម្រៅ។
ក្រុមអ្នកវិភាគបាននិយាយថា ព្រះរាជដំណើរទស្សនកិច្ចនេះបំពេញបន្ថែមនូវផ្នែកដែលបាត់បង់ជាយូរមកហើយក្នុងទំនាក់ទំនងថៃ-ចិន។ សូមបញ្ជាក់ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគធំជាងគេរបស់ប្រទេសថៃ ដោយមហាយក្សចិនបានជួយគាំទ្រដល់គម្រោងធំៗជាច្រើននៅប្រទេសថៃ ដូចជាគម្រោងរថយន្តអគ្គិសនី និងគម្រោងផ្លូវដែកល្បឿនលឿនជាដើម។ ព្រះរាជដំណើរទស្សនកិច្ចនេះ ក៏បង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងពីអរិភាពអំឡុងសង្គ្រាមត្រជាក់ ទៅជាភាពជាដៃគូជិតស្និទ្ធនាពេលបច្ចុប្បន្នផងដែរ៕
ដោយ: តែម សុខុម